ក្រុមហ៊ុនដៃគូវិនិយោគដាំឈើ បោះទុនវិនិយោគជាង២លានដុល្លារ បង្កើតវិទ្យាស្ថាន ស្រាវជ្រាវ និងបង្កាត់ពូជឈើ នៅខេត្តកំពង់ធំ

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ ដឹកនាំដោយ លោក Lu Chu Chang។ ជំនួបនេះ មានគោលបំណងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ជ្រាបអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើការដាំឈើបម្រើឲ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឲ្យការសាងសង់អគារ រោងចក្រគ្រឿង សង្ហារិម និងនាំចេញ។

លោក Chang បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍការដាំឈើតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការដើម្បីឲ្យក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការវិនិយោគដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមការងាររបស់លោកបានរាយការណ៍អំពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្នមានដូចជា៖ ការបណ្តុះកូនឈើពូជ ការដាំដុះ មានដូចជា កូនឈើប្រេងខ្យល់ អាកាស្យា មៃសាក់ រកា។ល។

ចាប់តាំងពីឆ្នាំ២០១៧ មកបច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះប្រភេទឈើខាងលើបានជាង២០០០ហិកតា ហើយកំពុងរៀបចំផែនការពង្រីកការដាំដុះឲ្យបាន ៥០០០ហិកតាបន្ថែមទៀតក្នុងឆ្នាំ២០២០។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគជាង២លានដុល្លារសហរដ្ឋអាម៉េរិក បង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើនៅខេត្តកំពង់ធំ ដើម្បីធ្វើការផ្សព្វផ្សាយពូជឈើ បណ្តុះបណ្តាលបច្ចេកទេស លើកកម្ពស់គុណភាពឈើ និងនិរន្តភាពនៃការផ្គត់ផ្គង់កូនឈើពូជ និងជាពិសេសដោយសារភាពអំណោយផលនៃក្សេត្របរិស្ថាននៃប្រទេសកម្ពុជា ពូជឈើដែលកំពុងដាំដុះនោះនឹងមានអាយុត្រឹមតែ៦ឆ្នាំ អាចប្រមូលផលបាន១៥០ម៉ែត្រគីប ក្នុង១ហិកតា។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមាន៖ ការដាំ ការបណ្តុះកូន និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវឈើដាំ ដែលវិទ្យាស្ថាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា តាមរយ:ការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះកូន និងដាំឈើស្តាព្រៃឈើឡើងវិញ ស្របតាមគោលនយោបាយរបស់ក្រសួង និងជាពិសេសរបស់រាជរដ្ឋភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រ លើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner