កិច្ចប្រជុំស្តីពីសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ អញ្ជើញបានបើកកិច្ចប្រជុំស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានវិនិយោគិន ពាណិជ្ជករ អាជីវករប្រកបរបររកស៊ីកាន់តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឲ្យខេត្តព្រះសីហនុមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យឯកលើភាពរីកចម្រើនរបស់ខេត្តបានជំរុញឲ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងមកធ្វើការងារ និងប្រកបរបរនៅទៅតាមជំនាញ និងសមត្ថភាពដែលខ្លួនមាន។

បច្ចុប្បន្នអ្នកវិនិយោគចិនស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូនសំណង់ ទេសចរណ៍ និងកាស៊ីណូ។ គណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនៅវិធានការមួយចំនួនដល់កងកម្លាំងឯកភាពដោយធ្វើរដ្ឋបាលចំហតាមផ្ទះសំណាក់សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស។ ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍២ដង។

សហការល្បាតជាប្រចាំរៀងរាល់រាត្រី ក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង២០។ ចាត់វិធានការដល់ជនបរទេស ដែលចងការប្រាក់ខុសច្បាប់បង្កឲ្យមានបទល្មើស ករណីឃាត់ខ្លួនស្នើសុំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំបណ្ដេញចេញពីប្រទេស។ ឃាត់ទុករថយន្តដែលគ្មានស្លាកលេខ ឆែករកបទ ល្មើសក្នុងករណីគ្មានបទល្មើស ត្រូវឃាត់រថយន្តទុកនៅមន្ទីរសាធារណៈការ ធ្វើការផាកពិន័យតម្រូវឲ្យធ្វើស្លាកលេខទើបអនុញ្ញាតត្រឡប់ទៅវិញ។ ដោះស្រាយតម្រូវការចាំបាច់នៅតាមមូលដ្ឋាន ពិសេសឆ្លើយតបទៅនឹងក្រុមហ៊ុន drive ឲ្យបានទាន់សភាពការណ៍ដូចជាករណីអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាដើម។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានអំណោយផលល្អ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនាផ្លូវបេតុងទំនើបនៅពេលខាងមុខ។

ទី១)មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ទី២)មានឧបនាយករដ្ឋមន្ត្រីចំនួន៣រូប ផ្តោតលើខេត្តព្រះសីហនុ មានដូចជា៖ ឧបនាយករដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្រសួងដែនដី និងក្រសួងហិរញ្ញវត្ថុ ទី៣)ក្រុមការងារថ្នាក់ជាតិ ទី៤)ក្រសួងមហាផ្ទៃ ទី៥)គណៈ បញ្ជាការឯកភាពខេត្ត និងទី៦)មហាសាមគ្គី ធ្វើឱ្យខេត្តមានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់។ ក្រសួងមហាផ្ទៃបានបន្ថែមក្រមខ័ណ្ឌមន្ត្រីនគរបាលចំនួន២០០នាក់បន្ថែមទៀត តាមតម្រូវការជាក់ស្តែង និងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន៤០០នាក់ ឱ្យមានជំនាញ ដើម្បីជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្សព្វផ្សាយ បើកវេទិកាសាធារណៈដល់គោលដៅ និងធ្វើការវិភាគ វាយតម្លៃសភាពការណ៍ និងធ្វើផែនការ ផែនទីទីតាំងភូមិសាស្ត្រ ប្រើប្រាស់កម្លាំងរដ្ឋបាល កម្លាំងជំនាញល្បាតឈរជើង ពួនស្ទាក់បង្ការ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានវាយតម្លៃ និងកោតសរសើរមន្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារមិនខ្លាចនឿយហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តមានការរីកចម្រើន ពិសេសលើវិស័យសំណង់ មានសន្ទុះកើនឡើង។ ទន្ទឹមនឹងនោះ យើងក៏ត្រូវមានផែទេសចរណ៍ក្នុងការតាមដានត្រួតពិនិត្យជនបរទេស ដែលធ្វើដំណើរតាមទូកទេសចរណ៍ ឬទូកនេសាទ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយ បម្រើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner