លោក មឿន សំណាង កវីបង្ហាញឆន្ទៈបង្កើតស្នាដៃតាមរយៈកំណាព្យខ្មែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក មឿន សំណាង នាមប៉ាកកា កវីមេគង្គ កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ២០០៤ ក្រុមគ្រួសារលោកបានប្ដូរទីលំនៅទៅរស់នៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកគឺជាកូនទី២ ក្នុងចំណោមបងប្អូនសរុបទាំង៨នាក់។ លោកបានបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាបលើជំនាញគ្រប់គ្រង។

ក្រោយបញ្ចប់ការសិក្សា ពីឆ្នាំ ២០១១ ដល់ ២០១៨ មានមុខងារជាមន្ត្រីឥណទានខ្នាតមធ្យម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ សាខាខេត្តសៀមរាប។ បច្ចុប្បន្ន លោកមានមុខងារជាប្រធានសាខានៅធនាគារ អែស ប៊ី អាយ លីហួរ ម.ក ប្រចាំនៅសាខាស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

លោកបានឈានជើងចូលក្នុងវិស័យតែងនិពន្ធក្នុងឆ្នាំ ២០១៩ ហើយទទួលបានជ័យលាភីលេខ១ ពានអក្សរសិល្ប៍ទន្លេមេគង្គ លើកទី១០ ឆ្នាំ២០១៩ នៅប្រទេសភូមា ផ្នែកកំណាព្យ «រឿងស្នេហ៍លើផ្ទៃទន្លេ»។ ក្នុងឆ្នាំ ២០១៩ ដដែល លោកទទួលបានជ័យលាភីលេខ៣ ពានអក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្នែកកំណាព្យ «រឿងស្នេហ៍ក្នុងភ្លើងសង្គ្រាម»។ ឆ្នាំបន្ទាប់លោកនៅតែបន្តទទួលបានជ័យលាភីពីការតែងនិពន្ធ ពោលក្នុងឆ្នាំ ២០២១ ទទួលបានជ័យលាភីលេខ៥ ពានអក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្នែកកំណាព្យ «រឿង ម្ដាយ»។

ក្រៅពីទទួលបានពានរង្វាន់ លោកបានចេញបោះពុម្ពសៀវភៅជាច្រើនចំណងជើងទៀតមាន៖ ឆ្នាំ ២០២០ ចេញផ្សាយប្រលោមលោកពាក្យកាព្យ «រឿងក្លិនស្នេហ៍»។ ឆ្នាំ ២០២១ ចេញផ្សាយប្រលោមលោកពាក្យកាព្យ «រឿងស្នេហ៍អូន ស្នេហ៍ជាតិ» ហើយឆ្នាំ ២០២២ ចេញផ្សាយប្រលោមលោកពាក្យកាព្យ «រឿងព្រះអាទិត្យពណ៌ខ្មៅ» មួយចំណងជើងទៀត។

នៅក្នុងឆ្នាំ២០២១ លោកចាប់ផ្ដើមនិពន្ធបទចម្រៀងមួយចំនួនសម្រាប់បងប្អូនខាងខ្មែរសុរិន្ទ មានដូចជាបទ សុរិន្ទបិណ្ឌភ្ជុំ អង្វរប្ដី អន្ទិតសឹកថ្មី ជួបជុំបុណ្យភ្ជុំបិណ្ឌ ក្រមុំអាំងភ្លើង កន្ទ្រឹមចូលឆ្នាំ ផ្ដើមស្នេហ៍តាមអាចម៍គោ (ផ្ដើមស្នេហ៍តាមអាចម៍) កន្ទ្រែត-កន្ទ្រល កុំភ្លេចបង ស្រលាញ់អូន ក្រមុំខ្មែរលើ កំលោះខ្មែរក្រោម មករាំកន្ទ្រឹម បងខិល នាងខឹង ភ្ជុំបិណ្ឌដល់ហើយ បទក្នុងស្រុកខ្មែរមាន កំលោះចាំភូមិ ឆៃយ៉ាំរកស្នេហ៍ជាដើម។ ហើយពេលនេះក៏កំពុងនិពន្ធផ្នែកចម្រៀងជាមួយនឹងខ្មែរសុរិន្ទ ក៏ដូចជាក្នុងស្រុកមួយចំនួនផងដែរ។

ទាក់ទិននឹងចំណូលចិត្តដែលបណ្ដាលឱ្យលោកនិពន្ធកំណាព្យ និងចម្រៀង កវីរូបនេះមានប្រសាសន៍ថា៖ «ខ្ញុំថាការនិពន្ធប្រលោមលោកពាក្យកាព្យហាក់ដូចជារសាយក្នុងចិត្តរបស់អ្នកនិពន្ធភាគច្រើនទៅហើយ ក៏ដូចជាអ្នកអាននៅក្នុងប្រទេសផងដែរ ដែលនេះជាកង្វល់មួយរបស់ខ្ញុំ ខ្លាចតែកាន់តែយូរទៅ កំណាព្យកាន់តែរលាយបាត់ខ្លួនពីមនោរបស់ប្រជានុរាស្ត្រខ្មែរ ដែលកំណាព្យមានមកតាំងពីបុរាណកាលដែលចាប់ផ្ដើមមានអក្សរខ្មែរ ឬអាចថាមុនទាំងមានអក្សរទៀតផងក៏ថាបាន តាមការទន្ទេញផ្ទាល់មាត់ពីមួយទៅមួយ។ ចំណែកចម្រៀង ខ្ញុំមាននិស្ស័យដែរ តែការបាននិពន្ធចេញហាក់ជារឿងចៃដន់មួយ ខ្ញុំចូលចិត្តនិពន្ធបទកន្ទ្រឹម សម្រាប់បងប្អូនខ្មែរសុរិន្ទច្រៀង នេះជាបំណងខ្ញុំមួយដើម្បីរក្សាភាសាខ្មែរនៅលើដីដូនតាដែលព្រាត់និរាសមួយនេះឱ្យបានគង់វង្ស ដើម្បីជាដង្ហើមថ្ងៃមួយនាពេលអនាគតដែលមិនទៀត»។

ចំពោះវិស័យនិពន្ធបច្ចុប្បន្នលោកយល់ឃើញដូច្នេះ៖ «តាមការយល់ឃើញរបស់ខ្ញុំ ការនិពន្ធបច្ចុប្បន្នគឺមានច្រើនបែបសណ្ឋានណាស់ គួរឱ្យចាប់អារម្មណ៍ តែកំណាព្យប្រែជារឿងដ៏កម្រមួយទៅវិញសម្រាប់ការនិពន្ធ មិនមានអ្នកនិពន្ធច្រើនទេ ទោះមានក៏មិនមានទីផ្សារ។ តែឆន្ទៈមនុស្សខុសគ្នា គោលបំណងខុសគ្នា មិនមានការវិនិច្ឆ័យណាមួយលើការនិពព្ធរបស់អ្នកផ្សេងឡើយ។ តែការនិពន្ធមួយចំនួន ពិតជាទាញឱ្យសង្គមនេះបាត់សណ្ដាប់ធ្នាប់ ធ្លាក់ក្នុងភាពអនាធិបតេយ្យនៅពេលដែលអ្នកនិពន្ធយល់ថាសង្គមគួរតែរត់ទៅតាមគំនិតរបស់គេ គេធ្វើនេះជាសិទ្ធិហួសហេតុ»។

នាមជាអ្នកនិពន្ធវ័យក្មេង កវី មឿន សំណាងបានផ្ដាំផ្ញើទៅអ្នកចង់ក្លាយជាអ្នកនិពន្ធ ទាំងអ្នកនិពន្ធក្នុងបណ្ដាញសង្គម ក៏ដូចជាអ្នកនិពន្ធដែលមានលទ្ធភាពអាចបង្កើតស្នាដៃជាសៀវភៅ «ជាចុងក្រោយ ខ្ញុំសូមសំណូមពរដល់អ្នកដែលចង់ក្លាយទៅជាអ្នកនិពន្ធជាន់ក្រោយ សូមយកសង្គមជាតិជាចម្បង កុំសួនតួជាមួយនឹងមនោគតិរបស់ខ្លួនឯងពេក។ ជាតិជាអ្នកនិពន្ធមិនអាចធ្វើឱ្យអ្នកមានបាននោះទេ។

បើអ្នកចង់បានរឿងមានបានពីភាពជាអ្នកនិពន្ធនោះ អ្នកបត់ទៅតាមតែអ្នកអានដើម្បីមានទីផ្សារ ចុងក្រោយមិនមែនអ្នកនិពន្ធបង្វិលអ្នកអាន ទៅជាអ្នកអានបង្វិលអ្នកនិពន្ធ តើតម្លៃនៅត្រង់ណា? រស់នៅចាំតែស្របតាមគេ ព្រោះចង់មានបាន ហាក់ឃ្លាតឆ្ងាយពីអ្នកនិពន្ធណាស់ ព្រោះអ្នកគ្មានគំនិតផ្ទាល់ខ្លួន មានតែគំនិតប្រឹងច្នៃរត់តាមគំនិតគេតែប៉ុណ្ណោះ»៕
ដោយ៖ ហ៊ួន ស៊ីឡូន

ads banner