ឥណ្ឌូណេស៊ីនឹងលក់ប្រេងដូង ២,៥លានតោនទៅឱ្យចិន

នៅថ្ងៃសុក្រ ទី១១វិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន៩ បានចុះហត្ថលេខាលើកិច្ចសន្យាលក់ផលិតផលប្រេងដូងចំនួន ២,៥ លានតោន ដែលមានតម្លៃ ២,៦ ពាន់លានដុល្លារទៅឱ្យអ្នកទិញចិនចំនួន១៣រូប។ នេះបើតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅប្រទេសចិនកាលពីខែកក្កដា។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថាចិនបានប្តេជ្ញាចិត្តនឹងនាំចូលប្រេងដូងឆៅរបស់ឥណ្ឌូណេស៊ីបន្ថែមចំនួន ១ លានតោន។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប៉ុន្មាននោះ។

បើតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលប្រេងដូងចំនួន ៦,៦ លានតោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២១។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក ហ្ស៊ុលគីហ្វ្លី ហាសាន (Zulkifli Hasan) បាននិយាយថា ការនាំចេញទៅកាន់ប្រទេសចិន នឹងមិនរំខានដល់ការផ្គត់ផ្គង់ប្រេងចម្អិនអាហារក្នុងស្រុកទេ ក្រោមហតុផលថារដ្ឋាភិបាល បានកំណត់ឱ្យអ្នកនាំចេញផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដើម្បីទទួលបានការអនុញ្ញាតនាំចេញ។

«កាតព្វកិច្ចទីផ្សារក្នុងស្រុក និងកាតព្វកិច្ចតម្លៃក្នុងស្រុកសម្រាប់អ្នកផលិតប្រេងចម្អិនអាហារ ព្រមទាំងឧស្សាហកម្មប្រេងដូងឆៅនៅតែមានដដែល ដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមប្រេងចម្អិនអាហារ»។ នេះបើតាម លោក ហ្ស៊ុលគីហ្វ្លី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួរជ្រាបថា ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងកំពូលរបស់ពិភពលោក បានហាមឃាត់ការនាំចេញប្រេងដូងរយៈពេល ៣សប្តាហ៍ ដោយចាប់ផ្តើមពីចុងខែមេសា ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារ ដែលជាហេតុនាំឱ្យចំនួនស្តុកផ្គត់ផ្គង់កើនឡើងច្រើន។

រដ្ឋាភិបាលទីក្រុងហ្សាការតា បានលើកលែងការយកពន្ធតាំងពីពាក់កណ្តាលខែកក្កដា ដើម្បីលើកទឹកចិត្តដល់ការនាំចេញ ក៏ប៉ុន្តែអាចនឹងណែនាំការយកពន្ធឡើងវិញនៅពាក់កណ្តាលទីពីរនៃខែវិច្ឆិកា៕
ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖
Indonesia to sell 2.5 million tonnes of palm oil to China

ads banner