លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានបង្ហាញថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ក្នុងឆ្នាំនេះ មានបេក្ខជនចូលរួមប្រលងចំនួន១,០៩៣នាក់ ចែកជាពីរមណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច និងមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។
សម្រាប់មណ្ឌលប្រលងវិទ្យាល័យព្រះរាជបូជនីយកិច្ច ថ្នាក់វិទ្យាសាស្រ្តសង្គម មាន២០បន្ទប់ និងមានបេក្ខជនប្រលងចំនួន៥០០នាក់ (ស្រីចំនួន២៤២នាក់) ជាប់ចំនួន៤១១នាក់ (ស្រី២១២នាក់)។ ប្រលងធ្លាក់ចំនួន៨៩នាក់ (ស្រី៣០នាក់) បើគិតជាភាគរយមានចំនួន៨២,២០%។ ក្នុងនោះ និទ្ទេស A គ្មាននិទ្ទេសB មានចំនួន២នាក់ និទ្ទេសC មានចំនួន៦នាក់ និទ្ទេសD មានចំនួន៦៧នាក់ និងនិទ្ទេសE មានចំនួន៣១២នាក់។ ចំណែកនៅមណ្ឌលប្រលងគរុកោសល្យ ភូមិភាគស្ទឹងត្រែងវិញនោះ មានបន្ទប់ប្រលងចំនួន១០ និងមានបេក្ខជនប្រលងចំនួន៥៩៣នាក់ (ស្រី២៨៥នាក់) ជាប់ចំនួន៤៨៥នាក់ (ស្រី២៤៦នាក់) និងធ្លាក់១០៨នាក់ (ស្រី៣៩នាក់)។
លោកគ្រូ សុខ ឈុន ប្រធានមណ្ឌលប្រលងវិទ្យាល័យព្រះរាជបូជនីយកិច្ច បានឲ្យបញ្ជាក់ដឹងថា ការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងអនុវត្តន៍បានតាមនីតិវិធីរបស់ក្រសួងដោយហ្មត់ចត់ជាទីបំផុត ទាំងពេលដំណើរការនៃការប្រលង ក៏ដូចជាកំណែរវិញ្ញាសាប្រកបដោយការសុក្រឹត និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យារហូតមកដល់ថ្ងៃប្រកាសលទ្ធផលនេះ។
ដោយឡែកបេក្ខជនដែលបានមកពិនិត្យមើលឈ្មោះ ហើយទទួលលទ្ធផលជាប់នោះ ក៏បានសម្តែងនូវភាពសប្បាយរីករាយ និងទទួលស្គាល់នូវក្រឹតក្រមនៃការប្រលង ដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា ហើយបានរៀបចំការប្រលងក្នុងឆ្នាំនេះ ប្រកបទៅដោយសុក្រឹត និងត្រឹមត្រូវ យុត្តិធម៌ ដោយសិស្សទទួលបានលទ្ធផលជាប់ គឺពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន គឺអ្នកចេះប្រលងជាប់ អ្នកមិនចេះទទួលបានលទ្ធផលតាមសមត្ថភាពជាក់ស្តែង៕ធ.ដ