អាស៊ាននឹងជួយគ្នារៀបចំឯកសារ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហើយអាចនឹងដាក់ចេញដល់មេដឹកនាំកំពូលអនុម័ត្រនៅថ្ងៃខាងមុខ

ភ្នំពេញ៖ គំនិតផ្តួចផ្តើមរបស់កម្ពុជា សម្រាប់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលសំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាព នោះត្រូវបានមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ាន កំពុងរៀបចំឯកសារ ហើយអាចនឹងដាក់ចេញដល់មេដឹកនាំកំពូលអនុម័ត្រនៅថ្ងៃខាងមុខ។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកាឆ្នាំ ២០២២ ថា ជាទូទៅ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» បានគ្រប់ដណ្តប់ទៅលើច្រើនវិស័យ ហើយអាស៊ាន តែងបានធ្វើការឆ្លើយតបទៅរួចហើយដែរ ក្នុងនោះមានទាំងក្នុងក្របខណ្ឌ និងគោលនយោបាយផ្សេងៗ រួមមានអាស៊ាន ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយក៏ដូចជាការរៀបចំខ្លួន ដើម្បីផ្លាស់ប្តូរទៅរកអនាគមួយ ឱ្យមានភាពស៊ាំនឹងការប្រែប្រួលនៃអាកាសធាតុផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» គឺសំដៅប្រមូលក្របខណ្ឌទាំងអស់ មកដាក់នៅក្រោមក្របខណ្ឌតែមួយ សំដៅដោយធ្វើយ៉ាងណា ដើម្បីឱ្យក្របខណ្ឌនីមួយៗ អាចសហការគ្នាបាន ឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក និងរួមចំណែកកាន់តែសំខាន់ ក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។

ឯកឧត្តម គង់ ភោគ បានថ្លែងឱ្យដឹងដែរថា ពាក់ព័ន្ធជាមួយគំនិតផ្តួចផ្តើមធំបែបនេះ វាត្រូវការពេលវេលា ហើយលេខាដ្ឋានរបស់អាស៊ាន នឹងបន្តជួយដល់ប្រទេសសមាជិក ក្នុងការរៀបចំឯកសារ ហើយឯកសារមួយនេះ ឯកឧត្តមរំពឹងថា អាចនឹងដាក់ចេញដល់មេដឹកនាំកំពូលអនុម័ត្រ នៅពេលនោះ។ «យើងនឹងចាប់ផ្តើមអនុវត្ត គំនិតផ្តួចផ្តើមមួយនេះ បើឱ្យក្នុងបណ្តាប្រទេសអាស៊ាន មួយមុខមិនគ្រប់គ្រាន់ទេ គឺយើងត្រូវធ្វើការជាមូយដៃគូរបស់យើងទាំងអស់»។

គួរបញ្ជាក់ដែរថា៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ រាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថាបានបញ្ជាក់ពីកម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន»មួយនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបន្ថែមថា កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់៕
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner