លោក Daniel Zhang នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន Alibaba ក្រោយការលាលែងរបស់លោក Jack Ma ជាផ្លូវការ
ចិន៖ ស្ថាបនិកក្រុមហ៊ុនអាលីបាបាលោក ជេក ម៉ា នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានក្រុមហ៊ុនទំនិញតាមអនឡាញដ៏ធំបំផុតនេះជាផ្លូវការហើយ។ ក្រុមហ៊ុនអាលីបាបា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមានទ្រព្យសរុប៤៨០ពាន់លានដុល្លារ។
ស្របពេលជាមួយគ្នានេះដែរ លោក ដានីញ៉ែល ហ្សំាង ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនជំនួសលោក ជេក ម៉ា ប៉ុន្តែបើទោះជាលាឈប់ពីតំណែងក៏ដោយ ក៏លោក ម៉ា នឹងបន្តជួយជ្រោមជ្រែងក្រុមហ៊ុន ក្នុងនាមជាអ្នកប្រឹក្សាយោបល់ម្នាក់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការលាលែងពីតំណែង កំពូលមហាសេដ្ឋីចិនរូបនេះ នឹងផ្តោតជាសំខាន់លើការងារមនុស្សធម៌ និងវិស័យអប់រំ ដូចដែលលោកធ្លាប់បានប្រាប់កាសែតអាម៉េរិកញ៉ូវយ៉កថាមស៍ កាលពីឆ្នាំ២០១៨ថា ការលាលែង ឬការចូលនិវត្តន៍របស់លោកមិនមែនជាការបញ្ចប់នោះទេ តែវាគឺជាការចាប់ផ្ដើមសករាជថ្មីសម្រាប់អាលីបាបា៕ម.ន

