កម្ពុជា-ជប៉ុន ជួបប្រជុំទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ និងផែនការមេភស្តុភារកម្មកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន និងមានការចូលរួមពីលោក MASAHIRO MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋា រចនាសម្ព័ន្ធក្នុងប្រទេស និងបានលើកឡើងពីប្រសាសន៍របស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា «ការសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកំពុងអភិវឌ្ឍន៍គឺត្រូវធ្វើឱ្យមានគុណភាព»។

ក្នុងជំនួបនេះ ដែរឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងដែលស្ថិតក្រោមជំនួយ ការគាំទ្រ និងហិរញ្ញប្បទានពីប្រទេសជប៉ុន ជាពិសេសគម្រោងកំពុងបន្តរួមមាន៖ គម្រោងកសាងកំពង់ផែក្រុងព្រះសីហនុ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គម្រោងកាត់បន្ថយកាបូនឌីអុកស៊ីត គម្រោងរៀបចំផែនការមេភស្តុភារកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងបានថ្លែងអំណរអរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ Port EDI ដែលប្រព័ន្ធនេះបានដាក់ប្រើប្រាស់ផ្លូវការក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅ និងបានសម្រួលដល់នីតិវិធីនៃការចេញចូលនានានៅកម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។

កិច្ចប្រជុំក៏បានពិភាក្សាលើគម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មីជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ក្នុងនោះ ទេសរដ្ឋមន្រ្តី ក៏បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កំចីបន្ថែម ៦០លានដុល្លា ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ៕ដោយ:សេឌី


