ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ជាមោទនភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំសម្របសម្រួលការងាររហូតបានសម្រេចលទ្ធផលធំៗជាច្រើន
ភ្នំពេញ:ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមោទនភាពរបស់កម្ពុជានៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំសម្របសម្រួលការងាររហូតបានសម្រេចលទ្ធផលធំៗជាច្រើន។

លើបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ជាមោទនភាពរបស់កម្ពុជានៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានដឹកនាំសម្របសម្រួលការងាររហូតបានសម្រេចលទ្ធផលធំៗជាច្រើន ទោះបីជាត្រូវប្រឈមបញ្ហាស្មុគស្មាញជាច្រើននៅក្នុងតំបន់ និងនៅលើសកលលោក»។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕ដោយ: សេឌី


