បេក្ខជនជាប់និទ្ទេស A កើនឡើងជិត២ដង សម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លទ្ធផលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ បេក្ខជនជាប់និទ្ទេស A កើនឡើងជិត២ដង។ ចំណែកសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងរដ្ឋបាលខេត្តអះអាងថា រង្វាន់លើកទឹកចិត្តដល់ជ័យលាភីឆ្នើមនៅដដែលគឺនិទ្ទេស A ម្នាក់ៗបានម៉ូតូហុងដា១គ្រឿង ទូរសព្ទដៃស្មាតហ្វូនម៉ាកអាយហ្វូន១គ្រឿង និងថវិកាមួយចំនួនទៀត ដល់ជ័យលាភីនិទ្ទេស និទ្ទេស B និង C។ ការប្រកាស និងបិទផ្សាយលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជានៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ ត្រូវធ្វើនៅមណ្ឌលសំណេររទាំង៧។
ដោយឡែក នៅមណ្ឌលវិទ្យាល័យហ៊ុន សែនខ្លាកូន នៅសង្កាត់កំពង់ស្វាយ ជាការធ្វើពិធីចាងលើថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លោកតំណាំងក្រុមប្រឹក្សា លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកគណ:គ្រប់គ្រងវិទ្យាល័យ។ លោក ឈួ ប៊ុនរឿង ឲ្យដឹងថា យោងលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩នេះ គឺបេក្ខជន/នារីចំណេះទូទៅ បំពេញវិជ្ជា និងស្វ័យរិន មានវត្តមានមកប្រឡងចំនួន៤,៨៥១នាក់ (ស្រី២,៥៦៣នាក់)។ ក្នុងនោះ ប្រឡងជាប់ចំនួន២,៦៨៤ (ស្រី១,៥៤៦នាក់) ឬស្មើនឹង៥៥,១៧ភាគរយ។ ក្នុងនោះ បេក្ខជន/នារីបាននិទ្ទេស A ចំនួន២៥នាក់ (ស្រី១៥នាក់) និទ្ទេសB ចំនួន១០១នាក់ (ស្រី៦១នាក់)។ ប្រឡងបានកើនឡើងនូវចំនួនបេក្ខជន/នារី និងមណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមបានកើន ប៉ុន្តែថ្នាក់វិទ្យាសាស្ត្រថយចុះ។
ការប្រឡងបាក់ឌុបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ មាន៧មណ្ឌលរួមមាន៖ មណ្ឌលវិទ្យាល័យសម្តេចឪ វិទ្យាល័យសិរីសោភ័ណ វិទ្យាល័យហ៊ុនសែនខ្លាកូន វិទ្យាល័យសកពនអីរអូរអំបិល បឋមសិក្សាហ៊ុនសែន សូភី សកលវិទ្យាល័យមានជ័យ និងសកលវិទ្យាល័យគ្រប់គ្រង់ និងសេដ្ឋកិច្ច ដែលស្ថិតនៅក្រុងសិរីសោភ័ណ។ ពោលគឺឆ្នាំ២០១៩ មានសរុប១៩៨បន្ទប់ (ឆ្នាំ២០១៨ មានមាន១៧៤បន្ទប់) មានបេក្ខជនមានឈ្មោះក្នុងបញ្ជីសរុប៤,៩១៧នាក់ (ស្រី២,៥៨៧នាក់) (ឆ្នាំ២០១៨ មានបេក្ខជន៤,២៩២នាក់ (ស្រី២,១៩០នាក់)។ ជារួមបេក្ខជនកើនឡើង៦២៥ (ស្រី៣៩៧នាក់) និង មណ្ឌលកើន១មណ្ឌល។ ដំណើរការមណ្ឌលសំណេរបានប្រព្រឹត្តទៅរលូន បរិយាកាសល្អ ត្រឹមត្រូវ យុត្តិធម័ គ្មានបាតុភាពធានាលទ្ធផល និងគុណភាព គឺចេះទើបជាប់។
ឆ្នាំ២០១៩ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា គឺថ្នាក់វិទ្យាសាស្ត្រ ថយចុះ២០បន្ទប់ ប៉ុន្តែថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង៤៤បន្ទប់។ គួររំលឹកដែរថា កាលពីប្រឡងបាក់ឌុបឆ្នាំ២០១៨ កន្លងមក ក្នុងសម័យប្រឡងថ្ងៃទី២៨ ខែសីហា មានបេក្ខជនមកប្រឡងចំនួន៤,២២០នាក់ ប្រឡងជាប់ចំនួន២,២៥១នាក់ (ស្រី១,២០៣នាក់) ត្រូវជា៥៣,៣ភាគរយ។ ក្នុងនោះនិទ្ទេស A ចំនួន១៣នាក់ (ស្រី៣នាក់)។ កាលពីឆ្នាំ២០១៧ ប្រឡងជាប់ចំនួន១,៨៣០នាក់ (ស្រី៩៨០នាក់) ស្មើជិត៥៥ភាគរយ ក្នុងនោះ បាននិទ្ទេស A ចំនួន១២នាក់ (ស្រី៧នាក់)។ ពោល គឺនិទ្ទេសA កើនជាលំដាប់។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់។ ប៉ុន្តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថា កុំអស់សង្ឃឹម ហើយខិតខំតស៊ូរៀនសូត្រឡើងវិញ ដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាបត្ររង។ លោកក៏អរគុណ និងកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដល់មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយអាណាព្យាបាល និងសិស្សានុសិស្សជាបេក្ខជន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ ដែលបានខិតខំ ហើយនាំមកលទ្ធផលល្អលើវិស័យអប់រំ និងដោយឡែកការប្រឡងបាក់ឌុបនេះ។
លោក អ៊ុ រាត្រី ក៏អះអាងដែរលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅតែផ្តល់រង្វាន់ដល់បេក្ខជន/នារីម្នាក់ៗដែលប្រឡងជាប់បាក់ឌុបបាននិទ្ទេសA នូវម៉ូតូហុងដា១គ្រឿង។ ឯរដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់ទូរសព្ទដៃម៉ាក់អាយហ្វូន១គ្រឿង និងនិទ្ទេស B និង C ក៏បានរង្វាន់ជាថវិកាផងដែរ៕ធ.ដ
ដោយៈ ឃិន គន្ធា







