ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា។ យើងខ្ញុំពិតជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជោគជ័យជាប្រវត្តិសាស្រ្តនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសដល់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងមន្រ្តីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ ចំពោះការដាក់ចេញ និងចូលរួមអនុវត្តនូវផែនការការងារបានយ៉ាងមានប្រសិទ្ធភាព មិនថាលើទិដ្ឋភាពនយោបាយ ខ្លឹមសារ និងបច្ចេកទេស។
ភាពជោគជ័យនេះ ក៏មិនអាចផ្តាច់ចេញផងដែរ ពីការចូលរួមយ៉ាងសស្រោកសស្រាំពីថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិនានា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយធ្វើយ៉ាងណាឱ្យកិច្ចប្រជុំទាំងមូលប្រព្រឹត្តិទៅបានដោយរលូន”។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសម្តែងនូវភាពជឿជាក់ខ្ពស់បំផុតចំពោះសមត្ថភាពកម្ពុជា មិនថាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជយោ ព្រះរាជាណាចក្រកម្ពុជា!៕
ដោយ៖ពលជ័យ







