ឯកឧត្តម លី ធុជ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនដែល ភ្លេចពីបញ្ហា គ្រាប់មីន ឡើយ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃ អាជ្ញាធរមីន បានបង្ហាញពីការគាំទ្រ និង ភាពកក់ក្តៅ ចំពោះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែល តែងតែ លើកឡើង ពី បញ្ហា គ្រាប់មីនក្នុង ប្រទេសកម្ពុជាទៅដល់ បណ្តាថ្នាក់ដឹកនាំ ប្រទេស ធំៗមួយចំនួន និងបាន ស្នើ ឱ្យ មានការជួយ លើការបោសសំអាតមីននេះ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងដូចនេះ នៅ ថ្ងៃទី ១៣ ខែវិច្ឆិកា បន្ទាប់ ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ស្នើដល់ថ្នាក់ដឹកនាំនៃប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា ប្រទេសជប៉ុន និង ក្រុមប្រឹក្សាសហភាពអឺរ៉ុបជាដើម។

ជាក់ស្តែង នាថ្ងៃទី ១២ ខែវិច្ឆិកា នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិ ច្ចប្រជុំកំពូលពាក់ព័ន្ធ កន្លងទៅនេះ ក្នុង ជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី, សម្ដេចតេជោបានស្នើ ឱ្យ ប្រទេសអូស្រ្តាលី បន្ត ផ្តល់ជំនួយលើការបោសសំអាតមីនផងដែរ។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ៖ «សម្តេចតេជោ បានស្នើដល់អូស្ត្រាលីឱ្យបន្តផ្តល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោល ដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។

ក្រសួងបានបន្ថែមថា ក្នុងក្របខ័ណ្ឌអាស៊ាន ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី។
ចំណែក ក្នុង ជំនួប ពិភាក្សាការងារទ្វេភាគីរវាងសម្ដេចតេជោហ៊ុន សែន និងអនុប្រធានាធិបតីឥណ្ឌា លោក Jagdeep Dhankha នៅ ថ្ងៃដដែល ដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។

ពាក់ព័ន្ធនឹង បញ្ហាគ្រាប់ មិនទាន់ផ្ទុះ និង គ្រាប់មីននេះ ឯកឧត្តម លី ធុជ បាន ឱ្យដឹងថា ក្នុង អំឡុងពេលដែល ទទួល ស្វាគមន៍ប្រមុខដឹកនាំនៃបណ្តាប្រទេស នានា ក្នុង កិច្ច ប្រជុំអាស៊ាននេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏មិនដែល ភ្លេច ក្នុង ការ ស្នើសុំឱ្យ ថ្នាក់ដឹកនាំធំៗមួយចំនួន បន្តជួយ កម្ពុជា ដើម្បីបញ្ចប់ ការបោសសំអាតមីនក្នុង ប្រទេសកម្ពុជានេះ។

លោកមានប្រសាសន៍ថា ៖ «ផែនការរបស់សម្តេច ហ៊ុន សែន គឺ នៅ ឆ្នាំ ២០២៥ខាងមុខគឺកម្ពុជាត្រូវ ធ្វើយ៉ាងណា ឱ្យ អស់មីន ដែល ចំណុចនេះគឺ ខ្ញុំក្នុង នាមអាជ្ញាធរ និង ក្នុង នាមប្រជាពលរដ្ឋ ទាំងអស់ ពិតជាសាទរណាស់ដែល សម្តេច តែងតែ យកចិត្តទុកដាក់និង លើកជាសំណើ ក្នុង ការ បោស សំអាតមីនក្នុង ប្រទេសយើងនេះ»។
អនុប្រធានទី១ អាជ្ញាធរមីនរូបនេះបានបញ្ជាក់ឱ្យដឹងដែរថា ក្នុង ជំនួប ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភាគី នៃប្រទេសឥណ្ឌាបាន ឆ្លើយតបផងដែរថានឹងជួយ បោសសំអាតមីនក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង និង បណ្តាឃុំមួយចំនួន នៅ ជិតៗនោះ ផងដែរ ។

លោក លី ធុជ បានប្រាប់ថា ៖ «បញ្ហា ធំៗ២ដែល កម្ពុជាជួបប្រទះ ក្នុង ការ បោសសំអាតមីននេះ គឺបញ្ហាថវិកាក្នុង ការគាំំទ្រ ការសំអាតមីននេះ និងបញ្ហាទី២គឺ កម្លាំងបោសសំអាតមីន ហើយក្នុងនោះសម្តេចក៏បានឱ្យអាជ្ញាធរមីនធ្វើការ សហការជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានកំពុងតែធ្វើការ បណ្តុះបណ្តាល ពីការបោសសំអាតមីននេះ ផងដែរ។ ដូចនេះបើ បញ្ហាទាំងពីរនេះ ត្រូវបោះស្រាយ នោះ យើងសង្ឃឹមយ៉ាងមុតមាំថា ២០២៥ នឹងទទួលបានជោគជ័យ លើគម្រោងកម្ពុជាគ្មានមីន នេះ»។
លោកបានបញ្ជាក់ទៀតថា ៖ «នៅពេល ដែល ប្រទេសជាមិត្ត របស់ យើងមានចិត្ត អាណិតអាសូ បន្តជួយយើង បន្តទៀតនោះ នោះក្តីសង្ឃឹម របស់ យើងខ្ពស់ក្នុង ការឈានទៅដល់បញ្ចប់គម្រោងកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥នេះ បើទោះបីជាជោគជ័យធំឬតូច ក៏ដោយ ប៉ុន្តែក៏យើងនៅក្បែរជោគជ័យនេះដែរ»។

ប្រទេសកម្ពុជា នៅមាន ទំហំ ដីប្រមាណជា ៧០០គីឡូម៉ែត្រក្រឡាទៀត ដែល ត្រូវ ធ្វើការបោសសំអាតមីន។ នេះបើតាម ការបញ្ជាក់ពីលោក លី ធុជ។
ទន្ទឹមនឹង ការស្នើ សុំ បន្តជួយក្នុង ការបោសសំអាតមីននេះ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្តល់នូវ ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ក្នុង ការ សាងសង់អគារហ្វឹកហ្វឺន និង អគារផ្សព្វផ្សាយ អប់រំ យល់ដឹង ពី សង្រ្គាម នៃមជ្ឍមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា ក្នុង ទំហំទឹកប្រាក់ចំនួន២,៤៥១ លាន យ៉េនឬប្រមាណជា ១៧លាន ដុល្លារអាមេរិក៕
ដោយ:នាង សុគន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner