លោក ម៉ៃ វឌ្ឍនា កវីជនបទ ប្ដេជ្ញានិពន្ធចម្រៀងដែលមានព្រលឹងជាតិ
ភ្នំពេញ៖ កវី ជនបទ ជានាមប៉ាកកា របស់លោក ម៉ៃ វឌ្ឍនា។ លោកកើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៦ នៅភូមិស្ដីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកបានផ្លាស់មករស់នៅរាជាធានីភ្នំពេញពេលដែលលោកបានចូលរៀនមហាវិទ្យាល័យច្បាប់ ហើយបច្ចុប្បន្នលោកមានទីលំនៅ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រក្នុងឆ្នាំ២០១០ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកញ្ញាកូនអ្នកភូមិពាមជីកង ស្រុកកងមាស ខែត្រកំពង់ចាម និងមានកូនជាចំណងដៃចំនួនបីនាក់។ ក្រៅពីការនិពន្ធ លោកមានតួនាទីជាជំនួយការអង្គការក្រៅរាជរដ្ឋាភិបាលផ្នែលច្បាប់។
កវី ជនបទ រូបនេះមានចំណូលចិត្តសរសេរបទចម្រៀង កំណាព្យកាព្យឃ្លោង បទអត្ថាធិប្បាយ ប្រលោមលោក តាំងពីលោករៀននៅវិទ្យាល័យមកម្ល៉េះ។ ជាឧបនិស្ស័យតាំងពីក្មេង លោកតែងតែស្ដាប់បទមនោសញ្ចេតនា បណ្ដាលឱ្យលោកកើតគំនិតនិពន្ធចម្រៀងបែបជាតិនិយម។
លោកបានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តសរសេរចម្រៀង កំណាព្យកាព្យឃ្លោង និងប្រលោមលោកតាំងពីក្មេង។ ចម្រៀងដែលខ្ញុំចូលចិត្តតែងក្នុងពេលបច្ចុប្បន្នហើយមានអាជីពជាអ្នកនិពន្ធផង គឺចម្រៀងដែលមានពណ៌សម្បុរជាតិ ព្រលឹងជាតិ មនោសញ្ចេតនាបែបខ្មែរ ដោយសារតែពីមុនមកស្ដាប់ចម្រៀងមនោសញ្ចេតនាខ្មែរច្រើន អានប្រលោមលោក និងមើលភាពយន្តសម័យដើមច្រើន»។
ដោយការជាប់ចិត្ត និងមានមនោសញ្ចេតនាកប់ជ្រៅក្នុងចិត្តផងនោះ លោក ម៉ៃ វឌ្ឍនា ក៏ចាប់ផ្ដើមនិពន្ធចម្រៀងរសខ្មែរនិយមក្នុងឆ្នាំ២០១៥ ហើយលោកបានកំណត់ផែនការនិពន្ធយ៉ាងជាក់ច្បាស់ថែមទៀតផង។ កវីរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចូលប្រឡូកក្នុងវិស័យនិពន្ធចម្រៀងដំបូង គឺនិពន្ធចម្រៀងបែបខ្មែរ ដែលខ្ញុំយល់ឃើញថាជាការបន្តមរតក។ ខ្ញុំដាក់បេសកកម្មជីវិតខ្លួនឯងសរសេរបទចម្រៀងបែបមនោសញ្ចេតនាខ្មែរ មានពណ៌សម្បុរជាតិ ក្នុងគោលបំណងរក្សាថែចម្រៀងបែបវប្បធម៌ជាតិប្រកបដោយបែបផែនអក្សរសិល្ប៍»។ លោកបានបន្តថា៖ «ខ្ញុំក៏មានបំណងបន្តស្នងមរតកទៅមុខពីកវីរៀមច្បងដែលលោកបានបន្សល់ទុកចម្រៀងរយពាន់ម៉ឺនបទបង្កប់ដោយខ្លឹមសារ និងអត្ថន័យមានលក្ខណសម្បត្តិជាវប្បធម៌ជាតិ»។
លោកក៏បានប្រាប់បន្ថែមពីមូលហេតុនៃការតាំងចិត្តនិពន្ធចម្រៀងមនោសញ្ចេតនាដែលមានពណ៌សម្បុរជាតិយ៉ាងនេះថា៖ «ខ្ញុំមើលឃើញថា ចាប់តាំងពីឆ្នាំ២០០១-២០០២ មក ចម្រៀងបែបមរតកអក្សរសិល្ប៍ខ្មែរចេះតែហោចទៅ ចេះតែប្រាសចាកបន្តិចម្ដងៗទៅតាមចម្រៀងថ្មីដែលផលិតកម្មក្នុងស្រុកមួយចំនួនស្ទើរតែលែងចង់ធ្វើចម្រៀងបែបជាតិ។ ការណ៍ដែលគេលែងចង់ធ្វើនេះ អាចនិយាយបានថា ទី១-មកពីការទម្លាក់ចោល ទី២- មកពីការធ្លាក់ទឹកចិត្តរបស់អ្នកផលិតកាលឆ្នាំនោះឃើញប្រជាជាតិយើងបែរគំនិតថ្មី មានទំនោរទៅរកចម្រៀងបែបបរទេសច្រើន ហើយមិនសូវគាំទ្រចម្រៀងខ្មែរ»។
ដោយមើលឃើញពីមូលហេតុនេះហើយ ទើបលោកស្រវេស្រវាធ្វើចម្រៀងបែបខ្មែរ ឬរសជាតិជាខ្មែរឡើងវិញ បន្តមរតកមិនឱ្យបាត់បង់នោះឡើយ។ ការនិពន្ធចម្រៀងទម្រង់ខ្មែរនេះ លោកបង្ហាញថាជាការចូលរួមយ៉ាងសកម្មដើម្បីទប់ស្កាត់ការរំលោភបំពានកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ ទប់ស្កាត់វប្បធម៌លួចចម្លង។
រយៈចុងក្រោយក្នុងសម័យទំនើបឌីជីថលនេះ លោកមើលឃើញថាមានភាពច្របូលច្របល់ជាខ្លាំង។ លោកបន្តថា៖ «សម័យឌីជីថល ជាសម័យលំហនៃសេរីភាពដែលបណ្ដាលឱ្យអ្នកធ្វើចម្រៀងប្រើវិជ្ជារបស់ខ្លួនដែលអាចធ្វើបាន រហូតទៅជាមានការប្រកួតប្រជែងភាពល្បីល្បាញដើម្បីតែបានចំនួនអ្នកមើល (Views) ច្រើន។ ព្រោះតែការចង់បានអ្នកមើលនេះ ធ្វើឱ្យអ្នកផលិតមួយចំនួន ពិសេសយុវវ័យស្រករក្រោយភ្លេចខ្លួន ប្រើពាក្យពេចន៍មិនសមរម្យ គ្មានក្រមសីលធម៌ បង្កប់ដោយភាសាគ្រោតគ្រាត ភាសាហិង្សា ភាសាដែលនាំឱ្យវប្បធម៌ជាតិធ្លាក់ចុះជាខ្លាំង។ ប្អូនៗមួយចំនួនបង្កើតចម្រៀងដើម្បីតែផ្គាប់ផ្គន់ម្ចាស់ផលិតផល ឬអ្នកឧបត្ថម្ភ ដោយម្ចាស់ផលិតផលមួយចំនួនមិនខ្វល់ពីសីលធម៌សង្គមនោះទេ»។
លោកបញ្ជាក់បន្តថា៖ «ត្រង់ចំណុចនេះ បើយើងចង់ដើរឱ្យទាន់សម័យ ដោយបំភ្លេចសីលធម៌ ហើយអ្នកបង្កើតចម្រៀងប្រាសចាកសីលធម៌ បង្កើតចម្រៀងមិនស្គាល់បទនិពន្ធ បង្កើតចម្រៀងដោយសេរីធ្វើឱ្យប៉ះទង្គិចយ៉ាងខ្លាំងដល់សីលធម៌ជាតិ។ យូរទៅចម្រៀងក្លាយជាវេទិកាជេរបញ្ចោរគ្នា យូរទៅចម្រៀងក្លាយជាវេទិកាឬជាបង្កើតតុអសកម្មសង្គមទាំងបីដូចជាល្បែង ដូចជាស្រី ដូចជាស្រា។ យូរៗទៅបង្កើតជាផ្ទាំងទស្សនីយភាពបង្រៀនសង្គមឱ្យវក់នឹងល្បែងពាលាអាវាសែ ជាដើម។ កន្លែងនេះខ្ញុំមើលឃើញថាសុទ្ធសឹងតែជាសេរីភាពគ្មានព្រំដែន សេរីភាពដែលគ្មានគុណសម្បត្តិសម្រាប់ជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត»។
ជាចុងក្រោយលោកបានលើកឡើងថា៖ «ជាការពិត ខ្ញុំម្នាក់ឯងមិនអាចយកដៃបាំងមេឃបានទេ ខ្ញុំសូមផ្ដាំផ្ញើទៅអ្នកដែលចង់បង្កើតចម្រៀង ពិសេសប្អូនៗ គួរណាស់តែបំពេញគុណតម្លៃនៃស្នាដៃ ត្រូវគិតពីភាពថ្លៃថ្នូររបស់សង្គម។ ត្រូវគិតគុណវិបត្តិនៃស្នាដៃដែលបានបាចសាចទៅក្នុងសង្គមថា តើនឹងផ្ដល់ផលអ្វីខ្លះសម្រាប់ខ្លួនយើង និងសង្គម។
បច្ចុប្បន្នយើងមិនអាចដឹង តែថ្ងៃអនាគតយើងនឹងដឹង។ ក្នុងនាមខ្លួនយើងជាអ្នកនិពន្ធគួរតែច្បាស់ពីភាសា ពីវប្បធម៌ជាតិរបស់ខ្លួន បើយើងមិនច្បាស់ គួរសិក្សាបន្ថែមពីវិជ្ជានិពន្ធ។ យើងធ្វើអ្វីក៏បានតាមសេរីភាព ប៉ុន្តែសូមធ្វើដោយគុណតម្លៃ ប្រកបដោយសតិសម្បជញ្ញៈជាតិ ប្រកបដោយជាតិនិយម។ កុំភ្លេចឱ្យសោះអត្តសញ្ញាណជាតិដែលយើងម្នាក់ៗគង់តែស្លាប់ទៅ ប៉ុន្តែស្នាដៃយើងរស់នៅគួរប្រកបដោយគុណប្រយោជន៍ និងអត្តសញ្ញាណជាតិនេះឯង។
យើងគួរចូលរួមទាំងអស់គ្នាក្នុងការកែលម្អសង្គម បង្កើតឱ្យមានសីលធម៌ មានគុណប្រយោជន៍សម្រាប់សង្គមឱ្យសមនាមយើងជាអ្នកនិពន្ធ»។ សូមបញ្ជាក់បន្ថែមថាលោក ម៉ៃ វឌ្ឍនា កវី ជនបទ និពន្ធនិងបង្កើតចម្រៀងបានប្រមាណ ១០០បទ ដែលបទនីមួយៗពោរពេញដោយមនោសញ្ចេតនា មានអត្ថន័យ និងអត្ថរស(គុណតម្លៃ) ជាតិជាពិសេស ថ្វីបើមិនអាចប្រៀបធៀបនឹងស្នាដៃចម្រៀងមរតកដើមក្ដី៕
ដោយ:ហ៊ួន ស៊ីឡូន

