មេដឹកនាំវៀតណាម អាមេរិក សន្យាផ្ដល់អាទិភាពខ្ពស់លើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មេដឹកនាំវៀតណាម និងអាមេរិក បានសន្យាគ្នាថាពួកគេផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ នេះបើតាមសារព័ត៌មានរដ្ឋវៀតណាមដែលបានចេញផ្សាយនូវខ្លឹមសារជំនួប រវាង នាយករដ្ឋមន្ត្រី លោកផាម មិញជិញ( Pham Minh Chinh) និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន(Joe Biden) នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននាទីរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា។

ប្រភពដដែលបន្តថា វៀតណាមនិងអាមេរិកឯកភាពគ្នារៀបចំជំនួបតាមទូរសព្ទរវាងអគ្គលេខាបក្សកុម្មុយនីសវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden នាពេលខាងមុខព្រមទាំងរៀបចំដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមកទៀតផង។ ភាគីទាំងពីរនឹងបន្តគោរពព្រមទាំងផ្តល់អាទិភាពខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឯកភាពបង្កើនការផ្លាស់ប្តូរ និងការសន្ទនានៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើថា ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការរឹងមាំនាពេលខាងមុខ ប្រើប្រាស់ឱកាសសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០១៣ក្នុងអាណត្តិប្រធានាធិបតីបារ៉ាអូបាម៉ា។ចាប់តាំងពីការចុះហត្ថលេខាលើភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងវៀតណាមក្នុងឆ្នាំ២០១៣ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបានរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅឆ្នាំ ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីស្ទើរតែឈានដល់១១៣ ពាន់លានដុល្លារ។ឆ្នាំនេះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាម (បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង) ។ មិនតែប៉ុណ្ណោះអាមេរិកក៏ទីផ្សារនាំចេញធំបំផុតរបស់វៀតណាមផង។កាលពីឆ្នាំ ២០២០ ការវិនិយោគផ្ទាល់ពីបរទេសរបស់អាមេរិកនៅវៀតណាមមានចំនួន ២,៨ ពាន់លានដុល្លារ។ វៀតណាមបានក្លាយជាសមាជិកមួយក្នុងចំណោមសមាជិកទាំង១៤នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយអាមេរិកសន្យាថានឹងបង្កើនទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យឡើងដល់កម្រិតយុទ្ធសាស្ត្រថែមទៀត។

ទោះជាយ៉ាងណាក្ដីមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS)របស់អាមេរិក បានកត់សម្គាល់ថាទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមហាក់មិនទាន់ដើរទៅដោយរលូនប៉ុន្មានទេ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយកំពុងបាត់បង់សន្ទុះក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី ព្រមទាំងមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ទៀតផង។

ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាសត្រូវបង្ហូរឈាម រហូតក្លាយជាដៃគូពេលដែលអាមេរិកតម្រង់គោលនយោបាយនៅអាស៊ីដោយប្រជែងពេញមុខជាមួយប្រទេសចិន ដែលជាគូទំនាស់ប្រវត្តិសាស្ត្រជាមួយវៀតណាម
ស្រាប់៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner