អ្នកឃ្លាំមើល និងអ្នកវិភាគសង្គមថា កិច្ចសហប្រតិបត្តិការរបស់ជប៉ុនបន្ថែម ជាសញ្ញាដែលធ្វើឱ្យប្រជាធិបតេយ្យកម្ពុជាមានភាពប្រសើរឡើង
ភ្នំពេញ៖ អ្នកឃ្លាំមើល និងអ្នកវិភាគសង្គម បានមើលឃើញថា កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុនបន្ថែមជាមួយនឹងប្រទេសកម្ពុជានេះ ជាសញ្ញាដែលធ្វើឲ្យសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។
ការលើកឡើងដូច្នេះធ្វើឡើងបន្ទាប់ពីជប៉ុនបានប្រកាសផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងមកកម្ពុជាប្រមាណ ៥១,៣ លានដុល្លារ សម្រាប់ការអនុវត្តលើគម្រោងសំខាន់ចំនួនបួន នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន និងកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ។
គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនរួមមាន គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ និងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ លោក យង់ គឹមអេង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា កិច្ចសហការប្រទេសជប៉ុនជាមួយនឹងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ បង្ហាញឱ្យឃើញពីសញ្ញាមួយដែលជួយធ្វើឲ្យមានការរីកចម្រើនទាំងសេដ្ឋកិច្ច នីតិរដ្ឋ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកបានប្រាប់ថា ៖ «សម្រាប់ប្រទេសកម្ពុជា វាជាមោទកភាពមយដែលទទួលបានកិច្ចសហការបន្ថែមពីជប៉ុននេះ ប៉ុន្តែជុំវិញមោទកភាពទាំងនេះ កម្ពុជាក៏ត្រូវតែកែលម្អប្រព័ន្ធច្បាប់ជាច្រើន ដែលអាចឲ្យជប៉ុនបានសហការផ្នែកផ្សេងៗ ជាពិសេសផ្នែកសេដ្ឋកិច្ច ដែលជប៉ុនអាចពង្រីកនៃវិសាលភាពការវិនិយោគបាន»។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ រូបនេះបានបន្ថែមទៀតថា ក្រៅពីនេះទៀតបញ្ហាជាច្រើនដែលកំពុងតែកើតមានលើប្រជាពលរដ្ឋ រាជរដ្ឋាភិបាលត្រូវឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយទាំងអស់នេះ វានឹងធ្វើឲ្យមានស្ថេរភាព និងភាពសុខសាន្តយូរអង្វែង ដែលអាចឲ្យប្រទេសជប៉ុន ផ្ដល់កិច្ចសហប្រតិបត្តិការបានកាន់តែយូរវែងតទៅទៀតជាដើម។
លោក យង់ គឹមអេង បានបន្ថែមថា ផ្ទុយទៅវិញ ប្រសិនបើប្រទេសកម្ពុជាមិនគិតគូរពីបញ្ហាសិទ្ធិ បញ្ហាប្រជាធិបតេយ្យនោះទេ ក៏ដូចជាអត់មានតម្លាភាព និងនៅមានអំពើពុករលួយកើតឡើង នោះប្រទេសជប៉ុន គឺមិនអាចបន្តការវិនិយោគបានឡើយ ដោយសារជប៉ុនត្រូវគោរពតាមច្បាប់របស់ប្រទេសខ្លួនផងដែរ។
ចំណែកលោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ ក៏បានលើកឡើងដែរថា លោកមើលឃើញថាប្រទេសជប៉ុនបានប្រើប្រាស់នូវយុទ្ធសាស្ត្រស្រទន់ ដើម្បីដោះស្រាយ និងមានទំនាក់ទំនងជាមួយកម្ពុជា ហើយជាពិសេសជប៉ុនចង់ជួយប្រទេសកម្ពុជា ដោយសារចង់ឲ្យមានតុល្យភាពនៃឥទ្ធិពលរបស់ចិនក្នុងភូមិសាស្ត្រនយោបាយ។
ក្រៅពីនេះទៀត តាមរយៈកិច្ចសហប្រតិបត្តិការមួយចំនួន និងថ្មីៗបន្ថែមទៀតនេះ លោកថាគឺវាបង្ហាញពីរូបភាពដែលប្រទេសជប៉ុនព្យាយាមបង្កើននូវអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបនៃឥទ្ធិពលរបស់ចិនដ៏ខ្លាំងក្លាមកលើកម្ពុជា។
លោក វណ្ណ ប៊ុនណា បន្ថែមថា ៖ «ដូច្នេះតាមគម្រោងអភិវឌ្ឍនានា ឬកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាហើយកន្លងទៅនេះ ជាពិសេសជប៉ុនបានផ្ដល់នូវកញ្ចប់ជំនួយចំនួន៥១លានដុល្លារបន្ថែមទៀតនេះ ខណៈដែលចិនបានផ្ដល់២៧លានដុល្លារ វាបង្ហាញពីរូបភាពនៃអំណាចរបស់ជប៉ុនអ៊ីចឹងទៅ»។
លោកបានបន្តថា តាមរយៈជំនួយកិច្ចសហប្រតិបត្តិការទាំងអស់នេះ គឺបានធ្វើឲ្យកម្ពុជាបង្ហាញនូវគោលនយោបាយចម្រុះពណ៌ ដោយព្យាយាមបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់ដែលផ្ដល់ផលប្រយោជន៍មកដល់ខ្លួន មិនមែនចាប់យកតែប្រទេសណាមួយឡើយ។
បើតាមការបញ្ជាក់របស់លោក វណ្ណ ប៊ុនណា អ្វីដែលសំខាន់នៃទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺជាទំនាក់ទំនងមួយបែបប្រពៃណី ហើយមានន័យថា បើទោះបីប្រទេសកម្ពុជាមានវិបត្តិនយោបាយយ៉ាងណាក៏ដោយ ក៏ជប៉ុនជួយមិនមានការងាកថយឡើយ៕ ដោយ៖ ជា សុខនី