លោកស្រី តៃ អ៊ីង វេន៖ តៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់

តៃវ៉ាន៖ «តៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់»។ នេះគឺជាការប្រកាសរបស់លោកស្រីប្រធានាធិបតី តៃ អ៊ីង វេន(Tsai Ing-wen) នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ដោយបញ្ជាក់បន្ថែមថា បេសកកម្មនៅក្នុងជីវិតរបស់លោកស្រី គឺការធានាឱ្យកោះនេះស្ថិតនៅជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់បន្តទៀត។ ការថ្លែងរបស់លោកស្រីដូច្នេះ ធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ មុនពេលដែលតៃវ៉ាន់ត្រូវរៀបចំការបោះឆ្នោត នាថ្ងៃទី២៦ ខែវិច្ឆិកា ខណៈដែលដែនកោះនេះ កំពុងរងសម្ពាធកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង លោក ស៊ី ជីនពីង ដែលចង់យកដាក់តៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងការប្រមូលផ្ដុំមួយកណ្ដាលទីក្រុងតៃប៉ិ លោកស្រីប្រធានាធិបតី Tsai Ing-wen បានសង្កត់ធ្ងន់ថា លោកស្រីមិនចុះចាញ់ជាដាច់ខាតចំពោះសំណើរបស់លោកប្រធានាធិបតី ស៊ី ជីនពីង អំពី «ស្វ័យភាពក្រោមអធិបតេយ្យរបស់ចិន» នោះឡើយ។ បើតាមប្រធានាធិបតីតៃវ៉ាន់រូបនេះដដែល ក្រោមការដឹកនាំរបស់លោកស្រី ប្រទេសកាន់តែច្រើនបានចាត់ទុកលទ្ធិប្រជាធិបតេយ្យនិងសន្តិសុខរបស់តៃវ៉ាន់ជាគន្លឹះនៃសន្តិភាព។

លោកស្រី Tsai Ing-wen៖ «អត្ថិភាពនៃតៃវ៉ាន់ និងការចង់បានសេរីភាពនិងលទ្ធិប្រជាធិបតេយ្យពីសំណាក់ប្រជាជនតៃវ៉ាន់ មិនមែនជាទង្វើធ្វើឡើងដើម្បីញុះញង់នរណាម្នាក់ទេ។ ក្នុងនាមជាប្រធានាធិបតី ការអំពាវនាវរបស់ខ្ញុំគឺត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សាឱ្យតៃវ៉ាន់នៅតែជាកោះតៃវ៉ាន់របស់ប្រជាជនតៃវ៉ាន់»។

តៃវ៉ាន់បានក្លាយជាចំណុចដ៏រសើប សម្រាប់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ កាលពីខែសីហា ប្រទេសចិនបានសម្ញែងកម្លាំងដាក់តៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដោយបានធ្វើសមយុទ្ធយោធា និងហោះហើរយន្តហោះចម្បាំងស្ទើរតែរាល់ថ្ងៃ នៅក្បែរច្រកសមុទ្រតៃវ៉ាន់តូចចង្អៀត។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ចូ បៃដិន នឹងជជែកពិភាក្សាគ្នាអំពីសំណុំរឿងតៃវ៉ាន់នេះ នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងនាសប្ដាហ៍ក្រោយផងដែរ។ នេះបើតាមការឱ្យដឹងពីសេតវិមានអាមេរិក៕ ដោយ៖ កែវ កិរិយា

ads banner