លោក សោម សូរីដា ៖ ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ទទួលបានចំនួនច្រើនគួរឱ្យកត់សម្គាល់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដំណើរការនៃការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល២៤ថ្ងៃហើយដោយស្ថានភាពនៃការចុះឈ្មោះនិងពិនិត្យឈ្មោះនេះ មានដំណើរការដោយរលូនល្អ ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ នៅគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោត សរុបទាំង ១ ៦៥២ ការិល័យ ដោយចំនួនអ្នកចុះឈ្មោះមានចំនួន ៣៣៤ ១២៤ នាក់។

ឯកឧត្តម សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ការចាប់ផ្តើមនៃការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ២០២២ បានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែតុលា ដែលរហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា មានរយៈពេល២៤ថ្ងៃហើយ។

លោកបានថ្លែងថា ៖ «ចាប់ពីថ្ងៃទី២០ ខែតុលាមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ដំណើរការនៅគ្រប់ការិយាល័យសម្រាប់ឃុំ-សង្កាត់ ទាំង១ ៦៥២ ឃុំ-សង្កាត់ មានការប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ»។

ជាមួយគ្នានោះដែរ តាមការប៉ាន់ស្មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចំនួនប្រជាពលរដ្ឋគ្រប់អាយុដែលត្រូវបោះឆ្នោតនិងត្រូវមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានប្រមាណជិត ៤១ ម៉ឺននាក់ ហើយដែលគ.ជ.បបានកំណត់រយៈពេលឱ្យចំនួន៥០ថ្ងៃ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះក្នុងរយៈពេលតែ២៤ថ្ងៃមកនេះ មានចំនួនរហូតដល់ ៣៣៤ ១២៤ នាក់ ដែលនេះជាតួលេខមួយដ៏ល្អប្រសើរ ដែលគួរឱ្យចាប់អារម្មណ៍នោះគឺទើបតែ២៤ថ្ងៃប៉ុណ្ណោះ អ្នកមកចុះឈ្មោះគឺស្ទើរជិតគ្រប់ចំនួនប៉ាន់ស្មានរបស់យើងផងដែរ»។

អគ្គលេខាធិការរង គ.ជ.ប រូបនេះ ក៏បានប្រាប់ដែរ បញ្ហាប្រឈមក្នុងពេលចុះឈ្មោះបោះឆ្នោតនោះគឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជិឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងផងដែរថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១៥៤ ៩៥០ នាក់។

សេចក្តីប្រកាសបានបន្ថែមថា អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣០, ០២៣ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥៤ ៥១៤ នាក់។

នាដើមខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយនិងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទើបការអនុវត្តសិទ្ធិក្នុងការបោះឆ្នោត អាចធ្វើទៅបាន។

សម្តេចតេជោក៏បានជំរុញឱ្យបណ្តាបក្សនយោបាយដែលចូលរួមបោះឆ្នោតក្តី ដែលមិនចូលរួមបោះឆ្នោតក្តី ប្រាប់សមាជិករបស់ខ្លួន ឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យអ្នកទាំងនោះមានឈ្មោះបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើដោយទៀងទាត់សម្រាប់ប្រទេសកម្ពុជាគឺជាកាបោះឆ្នោតដែលត្រូវរៀបចំឡើងក្នុងរយៈពេលឆ្នាំម្ដង។ ការចុះឈ្មោះបោះឆ្នោតលើកនេះគឺ មានបច្ចេកទេសកាន់តែទំនើបដែលនឹងផ្ដល់ឱកាសងាយសម្រាប់ប្រជាពលរដ្ឋយើង»។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥។ សម្រាប់អ្នកលើសអាយុ ដែលមិនធ្លាប់បោះឆ្នោតសោះក៏អាចចុះឈ្មោះបានដែរ៕ ដោយ៖ នាង សុគន្ធា

ads banner