អ្នកវិភាគ៖ អាស៊ាន ក្លាយជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកនូវសណ្តាប់ធ្នាប់ពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កិច្ចប្រជុំអាស៊ានបានបិទបញ្ចប់ជាស្ថាពរហើយនៅវេលារសៀល ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកាមក បានទទួលការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីសំណាក់មេដឹកនាំនៃបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។

ប្រមុខអង្គការសហប្រជាជាតិ អានតូនីញូ ហ្គូទែរ៉េស(Antonio Guterres) កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅចំពោះការបែកបាក់គ្នារបស់ពិភពលោកនិងការប្រកួតប្រជែងនៃភូមិសាស្រ្តនយបាយជាសកលដ៏ស្រួចស្រាល់ ជាពិសេសការលេចត្រដែតឡើងនៃមហាអំណាចចិនឈមនឹងមហាអំណាចចាស់សហរដ្ឋអាមេរិក ដែលកំពុងយាយីដល់សន្តិសុខពិភពលោក។

លោក Antonio Guterres៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងខណៈពេលដែលមានការប្រកួតប្រជែងជាសាកលដ៏ធ្ងន់ធ្ងរនេះ។ ការបែកបាក់កាន់តែមានភាពស៊ីជម្រៅ ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខពិភពលោក។ វោហាសាស្ត្រប្រកបដោយគ្រោះថ្នាក់គឺកំពុងបង្កើនភាពតានតឹងនុយក្លេអ៊ែរ »។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយក្នុងពេលបច្ចុប្បន្នកំពុងបង្កឲ្យកើតមានអសន្តិសុខពិភពលោក ដែលនាំឲ្យកើតមានជម្លោះថ្មីៗ ជារនាំងធ្វើឲ្យគេពិបាកក្នុងការបញ្ចប់វិបត្តិចាស់។ លោកថា សេដ្ឋកិច្ចពិភពលោកកំពុងរងការបែងចែកជា២ ផ្នែក ដែលមួយផ្នែកដឹកនាំដោយមហាអំណាចចិន និងមួយផ្នែកទៀតដឹកនាំដោយមហាអំណាចសហរដ្ឋអាមេរិក។

ក្នុងការណ៍នេះ លោក Antonio Guterres ចង់ឱ្យសមាជិកអាស៊ានត្រូវរៀបចំខ្លួនឱ្យបានល្អ ជាពិសេសដើរតួជាស្ពានចម្លង នៅចំពោះមុខការបែកបាក់របស់ពិភពលោក ស្របពេលសាកលលោកកំពុងជួបវិបត្តិតួយ៉ាង បណ្តាប្រទេសជាច្រើននៅលោកខាងត្បូងកំពុងរងការរាត្បាតពីជំងឺកូវីដ១៩ និងវិបត្តិអាកាសធាតុ ដែលកំពុងយាយីដល់សិទ្ធិក្នុងការទទួលបានរបបអាហារ ថាមពល ព្រមទាំងបញ្ហាហិរញ្ញវត្ថុ ដែលកាន់តែប្រឈមភាពធ្ងន់ធ្ងរដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានកោតសរសើរដល់អាស៊ានដែលប្តេជ្ញាយ៉ាងមោះមុតលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោកសង្កត់ធ្ងន់ថា ស៊ានមានតួនាទី សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលដ៏រឹងមាំសម្រាប់ពិភពលោក។

ជុំវិញសំណុំរឿងនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាពេលនេះ ជាការថ្លឹងថ្លែងតុល្យភាពអំណាចរបស់មហាអំណាចធំៗពីររបស់ពិភពលោកពោលគឺ សហរដ្ឋអាមេរិកដែលជាមហាអំណាចចាស់ និងចិនដែលកំពុងរះត្រដែតឡើង ប្រាប់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍និងពិភពលោកបានដឹង ដែលមហាអណាចពីរនេះកំពុងគំរាមកំហែងដល់សន្តិសុខពិភពលោកចំពោះមុខការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយ។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះបញ្ជាក់ថា អាស៊ាន នាពេលបច្ចុប្បន្ន បានក្លាយជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកនូវសណ្តាប់ធ្នាប់ពិភពលោក ដែលអាស៊ានបានរៀបចំជាវេទិកាសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើគោលការណ៏របស់អង្គការសហប្រជាជាតិ។

លោកបណ្ឌិតយង់ ពៅ និយាយថា៖ «មជ្ឈភាពអាស៊ានបច្ចុប្បន្ន កាន់តែមានតួនាទីសំខាន់ ជាតួអង្គសំខាន់ ក្នុងកាជជែកវែកញែកពីបញ្ហាសាកល និងបញ្ហាតំបន់ជាដើម។ ដូចករណីពេលនេះ យើងបានអញ្ជើញប្រទេសមហាអំណាច ប្រទេសដៃគូរសន្ទនាពាក់ព័ន្ធរបស់អាស៊ាន មកចូលរូមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពួលពាក់ព័ន្ធ រូមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា ជាដើមបានមកជជែកពិភាក្សាគ្នាអំពីបញ្ហាសាកល »។

លោកបណ្ឌិតយង់ ពៅ បន្ថែមថា អាស៊ានគួរតែពង្រឹងបន្ថែមទៀតនូវឯកភាពរបស់ខ្លួនក្នុងរង្វង់រដ្ឋជាសមាជិក ព្រោះកន្លងមក អង្គការតំបន់មួយនេះ រងការចោទប្រកាន់ថា ជាឈ្នាន់ ឬជាឧបករណ៍នយោបាយរបស់មហាអំណាច។

ជាមួយគ្នានេះដែរ លោក រីម សុខវី សហស្ថាបនិករបស់ The Thinker Cambodia ជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស យល់ឃើញថា ការលើកឡើងរបស់ប្រមុខអង្គការសហប្រជាជាតិដូច្នេះពីព្រោះលំហភូមិសាស្រនយោបាយបច្ចុប្បន្នកំពុងមានភាពតានតឹងកាន់តែខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់សហរដ្ឋអាមេរិក និងចិន ស្របពេលអាស៊ានជាវេទិកាសំខាន់សម្រាប់បណ្តាប្រទេសមហាអំណាចមកអង្គុយជជែកចរចាគ្នា ព្រោះអាស៊ានជាអង្គការដាច់ដោយឡែកមិនផ្អែកចំពោះមហាអំណាចណាមួយ។

លោករីម សុខវី ថា៖ «អាស៊ាន ជាអង្គការតំបន់ ខុសពីអង្គការតំបន់ផ្សេងទៀតដែលផ្អែកទៅលើមហាអំណាចណាមួយ វាជាអំណាចមួយរបស់អាស៊ាន ដែលជួយដោះស្រាយបញ្ហាសាកលបាន »។

អ្នកវិភាគនយោបាយវ័យក្មេងរូបនេះ យល់ថា អង្គការតំបន់អាស៊ាន មានអំណាចដោយសារភាពជាកណ្តាលរបស់ខ្លួន ដែលផ្តល់ជាវេទិកាសម្រាប់បណ្តាមហាអំណាចមកជួបជុំ ជជែក ចរចា រកដំណោះស្រាយទៅលើវិបត្តិជាសកល៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner