ពលរដ្ឋភូមិព្រៃស្នួល ថ្លែងអំណរគុណអាជ្ញាធរស្រុកសំរោងដែលបានជួសជុលផ្លូវ ជូនពួកគាត់ប្រើប្រាស់
ភ្នំពេញ៖ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស្ស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នគ្រប់ប្រភេទ កំពុងតែរីកដុះដាលជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនេះបញ្ហាផ្លូវ ថ្នល់ ក៏កំពុងអភិវឌ្ឍន៍នៅគ្រប់ទិសទី សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋផងដែរ ។
ជាក់ស្តែងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ក៏ដូចជា កិច្ចប្រជុំសំខាន់ៗ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាជ្ញាធរស្រុកសំរោង ក្រោមការណែនាំពីសាលាខេត្តតាកែវ បានដាក់គ្រឿងចក្រចាក់ដីលាយថ្មជាច្រើនឡានឈូសឆាយពង្រាបជួសជុលផ្លូវឱ្យបានល្អប្រសើរសម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង កន្លងទៅធ្លាប់លើកឡើងថា ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ហើយបានកែប្រែប្រទេសទាំងមូល ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ។ ទន្ទឹមនិងប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ក៏បានធ្វើអោយបងប្អូនប្រជាពលរដ្ឋគ្រប់លំនៅដ្ឋានមានជីវភាពសមរម្យ ជាពិសេសបញ្ហាផ្លូវ ថ្នល់ក៏ត្រូវបានកសាង ស្ថាបនាជាបន្តបន្ទាប់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទាំងផ្លូវដី ផ្លូវបេតុង និងផ្លូវកៅស៊ូ ។
សូមជម្រាបជូនឱ្យដឹងថា ផ្លូវដែលអាជ្ញាធរស្រុកសំរោង ជួសជុលជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ប្រើប្រាស់នាពេលនេះ គឺប្រើប្រាស់ថវិកាសមូហភាព រួមមានមូលនិធិឃុំរវៀង សហគមន៍ភូមិព្រៃស្នួល និងសប្បុរសជន ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល បានសម្តែងការសប្បាយរីករាយនិងថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំ ភូមិ និងសប្បុរជននានាដែលបានចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ដោយកន្លងមកផ្លូវក្នុងភូមិពិបាកធ្វើដំណើរណាស់ បើធៀបនិងបច្ចុប្បន្ននេះគឺបានប្រែមុខមាត់ពីផ្លូវភក់ជ្រាំមកជាផ្លូវអាចធ្វើដំណើរបានទាំងរថយន្តធំតូចនិងនៅតាមដងផ្លូវបានដាក់នៅអំពូលភ្លើងសឡាគ្រប់ផ្លូវធ្វើឱ្យការរស់នៅរបស់ពួកគាត់មានសេចក្តីសុខមិនសូវខ្វល់ពីបញ្ហាអសន្តិសុខនៅភូមិនិងសហគមន៍ទៀតឡើយ ៕ ដោយ ៖ ជីម ភារ៉ា


