ប្រធានាធិបតីតួកគី៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកធ្វើឱ្យមនុស្សស្លាប់ និងរបួសជិត ៩០នាក់ ទំនងជាទង្វើភេរវកម្ម
អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានគូរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកដែលបានវាយប្រហារនៅចំកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ក្នុងថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកានេះ ទំនងជាទង្វើភេរវកម្ម។
លោក អឺដូហ្កាន់ បានបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជាវាលឿនពេកក្នុងការបញ្ជាក់ឱ្យច្បាស់ ១០០ភាគរយក៏ដោយ ក៏របាយការណ៍ដំបូង និងព័ត៌មានពីការិយាល័យអភិបាលក្រុង បានបង្ហាញថា ករណីបំផ្ទុះគ្រាប់បែកនេះ អាចជាទង្វើភេរវកម្ម។ លោក អឺដូហ្កាន់ បានសន្យានៅមុនចេញដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ីថា នឹងស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយ ការវាយប្រហារនេះមកកាត់ទោសតាមច្បាប់។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង៨១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏ធំសម្បើមួយ នៅចំកណ្ដាលទីក្រុងអ៊ីស្ដង់ប៊ុល ដែលកើតឡើងនៅម៉ោង ៤៖២០នាទីរសៀលថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) ហើយមិនទាន់មានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវនោះទេ៕ ប្រភព៖ ស៊ីនហួរ និង AFP ដោយ៖ ទីណា និងបុត្រា

