ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Binance នាំយក Web3 មកកាន់កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន បាយណាន់ (Binance) ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី ប្លុកឆាន (blockchain) ឈានមុខគេលើពិភពលោក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជា ក្នុងការជំរុញប្រទេសជាតិចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ វេវស៊្រី(Web3) បន្ទាប់ពីបានចុះអនុស្សរណៈកាលពីដើមឆ្នាំនេះ ហើយកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិ។
ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា យើងរស់នៅក្នុងពេលវេលាដ៏រំភើបមួយ ដោយសារតែយើងមានដំណោះស្រាយ Web3 ព្រមទាំងការរីកចម្រើននាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រួសត្រាយផ្លូវសម្រាប់ពិភពលោកនេះទៅជាសង្គមរួមបញ្ចូលគ្នា និងបើកចំហដែលពាណិជ្ជកម្មពហុភាគី អាចនាំមកនូវវិបុលភាពសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នា។ អ្នកឧកញ៉ា គិត ម៉េង បន្តថា យើងចង់ឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជានាំមុខគេ ក្នុងការផ្លាស់ប្តូរនេះ ហើយដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា យើងចង់ឲ្យបច្ចេកវិទ្យាជួយយើងឲ្យចូលទៅដល់សេដ្ឋកិច្ចមួយ ដែលមានការអភិវឌ្ឍ។
អ្នកឧកញ៉ាបន្ថែមថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Binance ដែលជាឈានមុខគេនៅក្នុងពិភពលោកផ្នែកប្រព័ន្ធអេកូឡូស៊ី ប្លុកឆាន (blockchain) ហើយប្រាកដថា ការបណ្តាក់ទុនរួមគ្នានេះ នឹងដំណើរការដ៏វែងឆ្ងាយ ក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅកម្ពុជា។ នាឱកាសនោះដែរ លោក Leon Foong ប្រធានក្រុមហ៊ុន Binance ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក បានឲ្យដឹងថា យើងពិតជារំភើបក្នុងការពង្រឹងទំនាក់ទំនង និងការសហការដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ការបណ្តាក់ទុនរួមគ្នានេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា រីករាយជាមួយនឹងបទពិសោធន៍ប្រើប្រាស់ឱ្យរលូន ដើម្បីធ្វើឱ្យកាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងយល់អំពី ប្លុកឆាន (blockchain) និងចូលទៅកាន់បណ្តាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីស្វែងរកវិធីចាប់ផ្តើមដំណើរ web3.0 របស់ពួកគេ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដែលបានចុះហត្ថលេខានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកលទ្ធភាព នៃការបង្កើតដំណោះស្រាយ និងថ្នាលដោយផ្អែកលើកម្មវិធី Web3 ព្រមទាំងប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា និងសមត្ថភាពវេទិកា ប្លុកឆាន របស់ Binance ដើម្បីជួយថែរក្សាកំណើនសេដ្ឋកិច្ច ដែលផ្តោតលើផ្នែកជាក់លាក់នៃសង្គម៕ ដោយ៖ ទីណា


