ព្រះចៅស៊ុលតង់ សព្វព្រះរាជហឬទ័យចំពោះទំនាក់ទំនងរវាងកម្ពុជា-ព្រុយណេ និងស្នើឲ្យរដ្ឋមន្ត្រីកសិកម្មប្រទេសទាំងពីរ សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅប្រទេសព្រុយណេ
ភ្នំពេញ៖ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានសំដែងនូវសព្វព្រះរាជហឬទ័យចំពោះទំនាក់ទំនងរវាងកម្ពុជា-ព្រុយណេ និងបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មប្រទេសទាំងពីរ សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅប្រទេសព្រុយណេ ។ ព្រះចៅ ស៊ុល តង់ ព្រះមហាក្សត្រព្រុយណេ សព្វព្រះរាជហឬទ័យ និងស្នើដូចនេះ ក្នុងជំនួបពិក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ព្រះចៅ ស៊ុលតង់ បានសម្ដែងនៅព្រះរាជអំណល់សាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អនិងយ៉ាងជោគជ័យ។ ព្រះអង្គក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
ព្រះអង្គទ្រង់ ក៏បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស បានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅប្រទេសព្រុយណេ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានគោរពថ្លែងអំណរគុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ ៕ ដោយ វណ្ណលុក




