ស្ត្រីខ្មែរ ៥៨០នាក់ជាអ្នកដោះមីន នៅក្រៅប្រទេសក្នុងកម្មវិធីបោសសម្អាតមីនមនុស្សធម៌ចាប់ពីឆ្នាំ១៩៩២មក
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនបានលើកឡើងថា ចាប់តាំងពីការបង្កើតកម្មវិធីបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាឆ្នាំ១៩៩២ ដោយមានការគាំទ្រពីកាណាដាក្នុងបេសកកម្មអង្គការសហប្រជាជាតិនាពេលនោះ មានស្ត្រីក្នុងសកម្មភាពមីនប្រមាណជិត ៣០ភាគរយ ជាអ្នកដោះមីន។
របាយការណ៍របស់អាជ្ញាធរមីនបានបង្ហាញថា កម្លាំងដោះមីនមនុស្សធម៌ពីកម្ពុជាមានចំនួនសរុប ៨ ៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០នាក់។ពួកគេបានបានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួនប្រាំបួន ក្នុងនោះមាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេម៉ែន ។បច្ចុប្បន្នកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅប្រទេសចំនួនបួន រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។
ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីសកម្មភាពនេះក្នុងកិច្ចពិភាក្សាតុមូល ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅសណ្ឋាគារភ្នំពេញ។
លោកបានឱ្យដឹងទៀតថា អង្គការជាច្រើនបានប្ដេជ្ញាជំរុញស្ត្រីឱ្យចូលទៅក្នុងតួនាទីជាអ្នកដឹកនាំ ប៉ុន្តែមានឧបសគ្គជាប្រព័ន្ធ បាននិងកំពុងរារាំងស្ត្រី ហើយស្ត្រីនៅតែជួបការលំបាកនៅគ្រប់ដំណាក់កាលនៃការងារ និងមិនមានតំណាងនៅក្នុងមុខតំណែងជាអ្នកដឹកនាំ។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយមនុស្ស មិនមែនដោយគោលនយោបាយទេ។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ជាមួយគ្នានេះ ខ្ញុំបានឃើញនូវតួនាទីយ៉ាងសំខាន់របស់ប្រទេសកាណាដា នាំមុខគេ និងគាំទ្រគម្រោងនៅប្រទេសកម្ពុជា និងតំបន់ ក្នុងការជួយលើកកម្ពស់ស្ត្រីនៅក្នុងមុខតំណែងឈានមុខគេលើឆាកអន្តរជាតិ និងធ្វើការចែករំលែកការសម្រេចចិត្តជាមួយសហសេវិកបុរស»។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលធ្លាប់បានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយកម្ពុជានឹងរីករាយដែលឃើញប្រទេសកាណាដា ត្រឡប់មកជាអ្នកផ្តល់ជំនួយធំក្នុងការដោះមីននៅកម្ពុជាវិញ។
នាកិច្ចពិភាក្សាតុមូលនោះដែរ ឯកឧត្តម លី ធុជ ក៏បានចាប់ផ្តើមដោយដកស្រង់នូវរបាយការណ៍ឯករាជ្យដែលបានចេញផ្សាយនៅមុនកិច្ចប្រជុំរដ្ឋភាគីនៃសន្ធិសញ្ញាអូតាវ៉ាដែលនឹងឈានមកដល់នាពេលខាងមុខ ដោយលោកបានលើកឡើងថា ៖ «ប្រទេសកម្ពុជាគឺជារដ្ឋដែលមានឋានៈខ្ពស់បំផុតសម្រាប់ការអនុវត្តនៅឆ្នាំ២០២១ ទាក់ទងនឹងការអនុវត្តការពិចារណាលើយេនឌ័រ និងភាពចម្រុះនៅក្នុងការស្ទង់មតិរបស់ខ្លួន និងកម្មវិធីបោសសម្អាតមីន ដែលផ្តល់ជាគំរូល្អដល់រដ្ឋភាគីផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារមីន»។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានឱ្យដឹងថា ក្នុងរយៈពេល១៦ឆ្នាំនេះ កម្ពុជាបានទទួលស្នាដៃដ៏ធំធេងជាច្រើនដូចជា ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្តេក-បញ្ឈរ ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់ ព្រមជាមួយនោះ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២នេះ បន្តទទួលបានលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកងកម្លាំង៕
ដោយ៖សុវិទ្យា ហោ