យើងត្រូវបន្តយុទ្ធសាស្រ្តចូលរួមដើម្បីសកម្មភាពរបស់យើងទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
«យើងត្រូវបន្តយុទ្ធសាស្រ្តចូលរួមដើម្បីសកម្មភាពរបស់យើងទាំងអស់គ្នាលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា»។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា «ស្តីពីការផ្តល់សុពលភាពលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ២០១៩-២០២៣ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសណ្ឋាគាររ៉ាហ្វល ហូតែល លើរ៉ូយ៉ាល់ ភ្នំពេញ។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងអំណរគុណជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្រ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយសារមគ្គុទេសក៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាកបាទក្រហមកម្ពុជា មិនគ្រាន់តែបង្ហាញនូវកាយវិការមនុស្សធម៌ និងការដឹងឮប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្តែងឆ្លើយតបទៅនឹងទុក្ខលំបាក ការការពារសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងមានជីវិតសមរម្យ នៃក្រុមគ្រួសារអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ភាពក្រីក្រ និងលំបាកលំបិនរបស់ប្រជាជនទូទៅ។
រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តដឹកនាំគាំទ្រសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បានផ្ដល់ឱកាស ធំធេងដោះស្រាយជាចាំបាច់ តម្រូវការផ្លាស់ប្ដូរសង្គម សេដ្ឋកិច្ច និងរចនាសម្ព័ន្ធ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍។ ឯកឧត្តមបានអំពាវនាវកិច្ចសហការអភិវឌ្ឍន៍ គាំទ្រវិស័យទៅវិញទៅមក ដោះស្រាយបញ្ហាសុខមាលភាពសង្គម តាមរយៈប្រព័ន្ធដ៏ស្វាហាប់ចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ នៃ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលក្រសួង ស្ថាប័ន អង្គភាពរដ្ឋទាំងអស់បំពេញតួនាទី ភារកិច្ច សហការ សម្របសម្រួលដោយជិតស្និទ្ធ ដើម្បីចូលរួមសម្រេចបេសកកម្ម និងទិសដៅកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងឆ្លើយតបដោយមានប្រសិទ្ធភាព ទៅនិងតម្រូវការ និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋ។ 
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរ និងលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គសិក្ខាសាលាទាំងមូល ធ្វើការពិនិត្យ ពិភាក្សាផ្តល់ជាធាតុចូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បន្ថែម ទៅលើយុទ្ធសាស្ត្រនីមួយៗខាងក្រោម ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ២០១៩ – ២០២៣ អាចយកទៅអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ២០១៩ – ២០២៣ មានបួនយុទ្ធសាស្ត្រ រួមជាមួយនឹងការរៀបចំអនុវត្តន៍ និងការត្រួតពិនិត្យ និងវាយតម្លៃ ផងដែរ៖
យុទ្ធសាស្រ្តទី១)ផ្ដល់សេវាទូលំទូលាយលើការបង្ការ ថែទាំ ព្យាបាល និងការគាំទ្រតាមរយៈវិធីសាស្ត្រពហុវិស័យ។
យុទ្ធសាស្រ្តទី២)សមាហរណកម្មការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រព័ន្ធសុខាភិបាល និងវិស័យក្រៅពីសុខាភិបាល។
យុទ្ធសាស្រ្តទី៣)ពង្រីកការគ្រប់ដណ្ដប់នៃសេវាគាំពារសង្គម និងលើកកម្ពស់លទ្ធភាពទទួលសេវាផ្នែកច្បាប់ និងសង្គម។
យុទ្ធសាស្រ្តទី៤)បង្កើនការផ្គត់ផ្គង់មូនិធិរាជរដ្ឋាភិបាលឲ្យបាន៥០% នៃតម្រូវការ និងបែងចែកផ្ដល់ជូន ថវិការដ្ឋមួយចំណែកទៅអង្គការសង្គមស៊ីវិល៕ម.ន





