អ្នកដឹកអីវ៉ាន់ Online ម្នាក់ ត្រូវចោរចាក់សម្លាប់ប្លន់ម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកអីវ៉ាន់ Online ត្រូវឃាតករចាក់សម្លាប់ជាច្រើនកាំបិត បណ្តាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះត្រូវបានសង្ស័យថា ជាករណីប្លន់សម្លាប់ ព្រោះមុនពេលជនរងគ្រោះស្លាប់ បានស្រែកឲ្យគេជួយថាមានចោរប្លន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែកញ្ញា នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបញ្ជាក់ថា សពបុរសរងគ្រោះឈ្មោះ ជីន សុភា អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកដឹកអីវ៉ាន់ តាមអនឡាញ និងមានស្រុកកំណើតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ1R-8743។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផងមានគេប្លន់គាត់ ហើយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹក។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាទូរសព្ទហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារជនរងគ្រោះហូរឈាមច្រើនពេក បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសព ដើម្បីធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ម.ន
