រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសឲ្យក្រុមអាជីវករបញ្ឈប់រាល់ការលក់ដូរទាំងឡាយ នៅអមសងខាងផ្លូវជាតិលេខ៥ ខាងមុខទីលានប្រជាធិបតេយ្យថ្មី
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសជូនដំណឹងដល់បងប្អូនប្រជាអាជីវករកំពុងលក់ដូរ ស្ថិតនៅលើផ្លូវបេតុង ខាងមុខទីលានប្រជាធិបតេយ្យថ្មី និងសួនច្បារសូគីម៉ិច អមសងខាងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបញ្ឈប់រាល់ការលក់ដូរទាំងអស់ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បើក្នុងករណីមិនអនុវត្តន៍តាមការណែនាំទេ នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលភ្នាក់ងារព័ត៌មានទទួលបានកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានធ្វើឡើយយោងលិខិតលេខ០៥៤/១៩ លស.ផ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយពិនិត្យឃើញថា ការលក់ដូររបស់បងប្អូនបច្ចុប្បន្នពុំមានរបៀបរៀបរយ មិនបានរៀបចំអនាម័យត្រឹមត្រូវ លក់ដូរបំពានលើសួនច្បារ និងការ៉ូឡាលើទីលាន ជាពិសេសបង្កការកកស្ទះចរាចរណ៍ និងឈានដល់ការបង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមយានជំនិះ ក៏ដូចជាអ្នកថ្មើជើង។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌ ក៏បានអញ្ជើញបងប្អូនអាជីវករទាំងអស់មកណែនាំច្រើនលើកហើយដែរ ប៉ុន្តែបងប្អូនពុំបានអនុវត្តន៍ទៅតាមការណែនាំឡើយ។ ដូចនេះ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ រក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋទូទៅមកហាត់ប្រាណ និងកម្សាន្ត ក៏ដូចជាបញ្ជៀសការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ តាមបណ្ដោយផ្លូវជាតិលេខ៥នេះ រដ្ឋបាលខណ្ឌ តម្រូវឲ្យបងប្អូនអាជីវករទាំងអស់ បញ្ឈប់ការលក់ដូរលើផ្លូវបេតុងខាងមុខទីលានប្រជាធិបតេយ្យថ្មី និងសួនច្បារសូគីម៉ិច អមសងខាងផ្លូវជាតិលេខ៥ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ

