រុស្ស៊ី និងអ៊ុយក្រែនឯកភាពបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរយៈពេល៤ខែទៀត
ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាក្នុងថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកានេះ ដើម្បីពន្យារកិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិ និងជី ពីកំពង់ផែសមុទ្រខ្មៅ ដែលនឹងផុតកំណត់ក្នុងថ្ងៃសុក្រទី១៨ ខែវិច្ឆិកានេះ រយៈពេល ១២០ថ្ងៃ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា ជាគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងត្រូវបន្តដោយគ្មានការផ្លាស់ប្តូរលក្ខខណ្ឌ និងវិសាលភាពរបស់វា ។
ចំណែករដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានបញ្ជាក់នៅលើហ្វេសបុកថា ការសម្រេចចិត្តនេះ ទើបតែត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ខណៈក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់លើលក្ខណៈកញ្ចប់នៃកិច្ចព្រមព្រៀង រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលដល់ការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ហើយបានទាមទារថា ឧបសគ្គនៅក្នុងតំបន់នេះត្រូវតែដកចេញក្នុងរយៈពេល ៤ខែខាងមុខ។
ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅថ្ងៃទី០១ ខែសីហាកន្លងទៅ អ៊ុយក្រែនបាននាំចេញស្បៀងអាហារជាង ១០.១លានតោនទៅកាន់ប្រទេសចំនួន ៣៨ តាមរយៈកំពង់ផែ Odesa, Chornomorsk និង Pivdenny។ នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ុយក្រែន។
កាលពីថ្ងៃទី២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា ក្នុងឯកសារនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយតួកគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជី ពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
