ម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិរំពឹងខ្ពស់ពី ព្រឹត្តិការណ៍ ពិព័រណ៍សំណង់ និងឧស្សាហកម្ម

ភ្នំពេញ៖ពិព័រណ៍សំណង់ឮនិងឧស្សាហកម្ម ហៅ កាត់ថា CAMBUILD 2022 ដែលជាពិព័រណ៍ អន្តរជាតិលើកទី១០ បានដំណើការឡើងវិញ បន្ទាប់ ពីការស្រាកស្រាន្ដនៃជំងឺកូវីដ១៩។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជាលើផ្នែកសំណង់។

ព្រឹត្តិការណ៍នេះផងដែរ ទទួលបានការ ចូល រួមពីក្រុមហ៊ុន និងម៉ាកយីហោល្បីៗជាង ៣០០ ដែលមកពីបណ្ដាប្រទេសដូចជា ប្រទេសចិន ឥណ្ឌា សិង្ហបុរី អ៊ីតាលី ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងកូរ៉េ និងប្រទេសវៀតណាម។

នេះជាឱកាសដ៏សមស្របមួយសម្រាប់ម៉ាកផលិតផលទាំងឡាយក្នុងការផ្សព្វផ្សាយបន្ថែម ក៏ដូចជា ពង្រីកអាជីរវកម្មរបស់ពួកគេនៅក្នុងទីផ្សារកម្ពុជា។

ដោយឡែក នៅថ្ងៃទី២នៃពិព័រណ៍ ឃើញថាមាន ការ ចូលរួមជាបន្តបន្ទាប់ពីសំណាក់អតិថិជន ក៏ដូចជាម្ចាស់អាជីវកម្មដែលត្រូវការស្វែងរកដៃគូរសហការ។ វត្តមានដ៏កុះករនៃអ្នកចូលរួមនេះ បានជំរុញឱ្យម្ចាស់អាជីវកម្មដែលចូលរួមតាំងផលិតផលក្នុងពិព័រណ៍ ហ៊ានរំពឹងខ្ពស់ចំពោះលទ្ធភាពនៃ កា រពង្រីកអាជីវកម្មរបស់ខ្លួន។

ម្ចាស់អាជីវកម្មមួយរូបដែលមានស្តង់នៅខាងចុងនៃមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ បានរៀបរាប់ ទាំងញញឹមញញែម ក្រោយពីមានអ្នកចូលរួមជា ច្រើន បានមកសួរណែនាំស្តង់របស់ខ្លួន ព្រមទាំង បានចែកខិតប័ណ្ណអស់ប្រមាណជាង ២០០ សន្លឹក។
ម្ចាស់អាជីវកម្មដែលផ្គត់ផ្គង់ទឹកស្អាតគឺលោក ពិន ចំណាន បានបន្តរៀបរាប់ទៀតថា៖ «នេះជាលើក ទី១ហើយ ដែលក្រុមហ៊ុនយើងបានចូលរួមក្នុង ពិព័រណ៍បែបនេះ…ខ្ញុំសប្បាយចិត្តមែនទែនដែលមានអតិថិជនច្រើនចាប់អារម្មណ៍ពីសេវាកម្មរបស់យើង។»
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន GWM យើងនឹងអាចបង្កើនការលក់បន្ទាប់ពីពិព័រណ៍នេះទៅ ហើយខ្ញុំក៏ចង់ឃើញកម្មវិធីបែបនេះបន្ត បន្ទាប់ ទៀត ព្រោះខ្ញុំផ្ទាល់មានឱកាសជួបមនុស្សថ្មីៗ ជាច្រើន ដែលអាចផ្សព្វផ្សាយផលិតផល ដែលប្រជាជនយើងភាគច្រើនមិនទាន់បានស្គាល់»។
មានវត្តមាននៅលើទីផ្សារចំនួនបីឆ្នាំមកហើយ ប៉ុន្តែ អតិថិជនខ្មែរហាក់ដូចជាភ្ញាក់ផ្អើលនៅពេលដឹងថា មានក្រុមហ៊ុនក្នុងស្រុកផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជា សម្ភារមាស៊ីនស្វ័យប្រវត្តិបែបនេះ។ ដូច្នេះហើយ លោករំពឹងថានឹងអាចវាយលុកទីផ្សារក្នុងស្រុកបាន បន្ទាប់ពីធ្វើសកម្មភាពផ្សព្វផ្សាយទាំងនេះ។
ម៉ាកផលិតផលពីប្រទេសថៃវិញម្ដង ដែលផ្ដល់ សេវា កម្ម រចនាផ្នែកខាងក្នុងផ្ទះ (Interior Design) ក៏ទទួលបានអ្នកមកទស្សនា សាកសួរព័ត៌មាននៅស្តង់របស់ខ្លួនច្រើនផងដែរ។

អ្នកនាង គង់ ស្រីណុច ជាបុគ្គលិកផ្នែកទីផ្សារជាន់ ខ្ពស់នៃក្រុមហ៊ុន Simplex បានឱ្យដឹងថា៖ «ខ្ញុំបានសម្គាល់ឃើញថាអ្នកចូលរួមដែលចូលមកសាកសួរក្នុងស្តង់យើង ភាគច្រើនជាអ្នកធ្វើការក្នុង វិស័យសំណង់តែម្ដង ដូច្នេះខ្ញុំយល់ថាយើងទទួល បានអតិថិជនគោលដៅច្រើន»។

អ្នកនាងរៀបរាប់បន្ថែមថា៖ «យើងរំពឹងខ្ពស់ ថានឹង អាចបានអតិថិជនកាន់តែច្រើនបន្ទាប់ពីការដាក់តាំងចំនួន ៣ថ្ងៃនេះ ហើយសង្ឃឹមថាអតិថិជនផ្សេង ទៀតយ៉ាងហោចណាស់បានយល់ដឹងបន្ថែមអំពីសេវាកម្មរបស់យើង»។
មិនខុសគ្នាប៉ុន្មានពីអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតខាងលើ អាជីវកម្មផ្នែករចនារបស់ក្រុមហ៊ុនដែល អ្នកនាងធ្វើការក៏មិនសូវជាមានអ្នកដឹងប៉ុន្មានដែរ។ មិនសូវជាមានអ្នកដឹង ក៏ដោយសារតែក្រុមហ៊ុន Simplex ជាក្រុមហ៊ុនអន្តរជាតិ ដែលមាន ទីស្នាក់ការនៅប្រទេសថៃ និងដែលទើបតែពង្រីក សាខា ចូលក្នុងទីផ្សារកម្ពុជា។ ដូច្នេះហើយ វាជាឱកាសល្អសម្រាប់ក្រុមហ៊ុនមួយនេះក្នុងការផ្សព្វផ្សាយសេវាកម្មរបស់ខ្លួនចេញទៅកាន់ស្រទាប់អតិថិជនឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍សំណង់ និង ឧស្សាហកម្ម (CAMBUILD 2022) ត្រូវបាន រៀបចំ ឡើងដោយក្រុមហ៊ុន Tarsus Southeast Asia ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ពិព័រណ៍ B2B (Business to Business) នៅទូទាំងពិភព លោកដើម្បីបង្កើនភាពជាដៃគូរក្នុងអាជីវកម្ម។

ដោយឡែក ពិព័រណ៍សំណង់នេះនឹងធ្វើឡើង រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕
ដោយ៖ កែវ បុស្បា

ads banner