អ្នកសេដ្ឋកិច្ច៖ ការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ នឹងអាចធ្វើឱ្យការដាំដំណាំនេះមានការថមថយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា បានចេញនូវរបាយការណ៍ស្តីពី សភាពការ​ណ៍​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា និងទិសដៅអនុវត្តបន្ត ដែលក្នុងរបាយការណ៍ជាង១០ទំព័រនោះ ក៏បាន​លើកឡើង​ផងដែរនូវស្ថានភាព​​ដំណាំកៅស៊ូ ដែលជារួមគឺតម្លៃជ័រកៅស៊ូមានការធ្លាក់ចុះ។

បើតាមរបាយការណ៍ដដែលនេះ​បានបញ្ជាក់ថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែកញ្ញា គឺ ១ ៣១១ដុល្លារ/តោន បានថយចុះចំនួន ១២១ដុល្លារក្នុងមួយតោន ដែលស្មើនឹង៨,៤៥ភាគរយ ធៀបនឹងខែមុន និងបានថយចុះចំនួន ៣១៨ដុល្លារក្នុងមួយតោន ស្មើនឹង២០ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ២០២១។

ការណ៍នេះបានបង្កជាការព្រួយបារម្ភជាខ្លាំងទៅដល់វិស័យដំណាំកៅស៊ូទាំងមូល ជាពិសេសនោះគឺការថមថយនៃសក​ម្មភាពដាំដុះដំណាំកៅស៊ូនៅឆ្នាំក្រោយ។

លោក​ លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពទីផ្សារជ័រកៅស៊ូនេះ ដោយលោកបញ្ជាក់ថា ចង់មិនចង់វានឹងប៉ះពាល់ទៅដល់ផលិតកម្មជ័រកៅស៊ូទាំងមូលតែម្ដង។

លោក​ លឹម ហេង បានមានប្រសាសន៍ថា ៖ «នៅពេលដែលតម្លៃជ័រកៅស៊ូធ្លាក់ចុះបែបនេះ កម្លាំងពលកម្មចៀរជ័រក៏ត្រូវបានបន្ថយដែរ បើមិនដូច្នោះម្ចាស់ចំការកៅស៊ូនឹងខាងបង់។ ​បើកម្លាំងពលកម្មចៀរជ័រត្រូវបានកាត់បន្ថយ ទិន្នផលជ័រដែលប្រមូលបាននឹងថមថយទៅដូចគ្នា ហើយការនាំចេញក៏ច្បាស់ជាត្រូវធ្លាក់ចុះផងដែរ»។

លោកក៏បាន​សង្កត់ធ្ងន់ដែរថា បើនៅតែបែបនេះ ការដាំដុះដំណាំកៅស៊ូថ្មីៗ និងត្រូវបានកាត់បន្ថយ ហើយចំការកៅស៊ូមួយចំនួនដែលត្រូវចៀរជ័របាន ក៏សុខចិត្តទុកចោលរង់ចាំទីផ្សារប្រែប្រួលវិញមិនខាន។ ឆ្លើយតបនឹងស្ថានការណ៍នេះ លោក​ក៏បាន​សំណូមពរឱ្យរដ្ឋចេញជាគោលនយោបាយសម្រាប់គាំពាវិស័យ​​កៅស៊ូ ដើម្បីលើកទឹកចិត្តឱ្យកសិកររក្សាទុកកៅស៊ូ កុំឱ្យប៉ះពាល់ដល់បរិមាណនាំចេញ។​

យ៉ាងណាមិញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបានចេញសារាចរមួយ ស្ដីពីការលុបចោលវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។ ការលុបចោលនេះនឹងអនុគ្រោះដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ ដោយពួកគេអាចមានជម្រើសក្នុងការលក់ទៅកាន់ទីផ្សារដែលមានភាពទូលាយជាងមុន។

សារាចរថ្មីនេះក៏នឹងបើកឱ្យកសិករមានលទ្ធភាពក្នុងសម្រេចជ្រើសរើសទីផ្សារលក់ដោយខ្លួនឯង មិនថាក្នុងស្រុក ឬក្រៅស្រុក ឱ្យតែកសិករដែលជាអ្នកផលិតផ្ទាល់យល់ថាជាតម្លៃសមស្របមួយ។​

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មដដែល បរិមាណបញ្ចេញលក់ជ័រកៅស៊ូក្នុងខែកញ្ញាកន្លងទៅ សម្រេចបានចំនួន ៣៣ ៥៨៦ តោន បានកើនឡើងចំនួន ១ ១៣៥ តោន ស្មើនឹង៣,៥ភាគរយ ធៀបនឹងខែមុន និងបានថយចុះចំនួន ៧២៦ តោន ស្មើនឹង២ភាគរយ ធៀបនឹងខែកញ្ញឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា មកទល់បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៧ ៩៤៤ហិកតា។ ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួន ១៩២ ៤០២ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៦៣ ៦៩៨ហិកតា។ រីឯផ្ទៃដីចៀរជ័រចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ៕

ដោយ៖ កែវ បុស្បា

ads banner