ក្រសួងមុខងារសារធារណៈណែនាំពីនិតិវីធីនិងបែបបទជុំវិញប័ណ្ណមន្ដ្រីរាជការថ្មីស្មាតកាត សម្រាប់ដកប្រាក់តាម អេធីអឹមនិងសម្គាល់ខ្លួន
ភ្នំពេញ៖ក្រសួងមុខងារសារធារណៈ បានធ្វើការណែនាំពីបែបបទ នីតិវិធី នៃការគ្រប់គ្រង បោះពុម្ភ ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីដែលជាទម្រង់ប្រភេទស្មាតកាត (Smart Card) សម្រាប់មន្ត្រីរាជការប្រើជាប័ណ្ឌសម្គាលខ្លួននិងសម្រាប់ដកប្រាក់បៀវត្ស ដោយមានធនាគារឯកជនជាដៃគូររបស់រដ្ឋរួមសហការ ក្នុងន័យធ្វើទំនើបកម្មស្របតាមការវិវត្តជឿនលឿននៃបច្ចេកវិទ្យា។
យោងតាមសេចក្តីណែនាំដែលចេញផ្សាយដោយក្រសួងក្រសួងមុខងារសារធារណៈនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានសម្រេចឲ្យមានការរៀបចំបោះពុម្ភសារជាថ្មីនូវប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការស៊ីវិល ជាលក្ខណៈស្មាតកាត (Smart Card) ដែលអនុលោមគោលកាណ៍ផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានអនុញ្ញាតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងទៅ។
តាមរយៈសេចក្តីណែនាំនេះ ក្រសូងមុខងារសារធារណៈបានគូសបញ្ជាក់ថា៖ ប្រភេទស្មាតកាត(Smart Card) ដែលអាចឲ្យមន្ត្រីរាជការប្រើប្រាស់ជាអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងជាប័ណ្ណដកប្រាក់បៀរវត្សតាមធនាគារ ព្រមទាំងអាចប្រើប្រាស់វាជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។ ក្រសួងមុខងារសារធារណៈបានសហការជាមួយធនាគារអេស៊ីលេដា ធនាគារកាណាឌីយ៉ា ធនាគារវីង ដើម្បីគ្រប់គ្រង បោះពុម្ភ កំណត់សុពលភាព និងដាក់ឲ្យដំណើរការប្រើប្រាស់អត្តសញញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ។
អាស្រ័យនឹងបញ្ហាស្នើសុំប្រភេទប័ណ្ណសម្គាល់ខ្លួនថ្មីនេះ ក្រសួងមុខងារសារធារណៈ តម្រូវឱ្យក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិត្រូវរៀបចំសំណើរសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ មកកាន់ក្រសួងដោយភ្ជាប់ជាមួយនូវទិន្នន័យចាំបាច់រួមមាន ចំនួនអង្គភាព ចំនួនមន្ត្រី បញ្ជីរឈ្មោះមន្ត្រី និងព័ត៌មានចាំបាច់នានាទៀត ដែលក្រសួង និងស្ថាប័នបានបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ។
ជុំវិញបញ្ហានេះដែរ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TIC) យល់ថា យន្តការនៃការធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ជាយន្តការល្អមួយ ដើម្បីធ្វើការទូទាត់ប្រាក់ទៅតាមអេឡិចត្រួនិកដែលចៀសវាងការប្រាស្រ័យរវាងបុគ្គលនិងបុគ្គល ដែលអាចជួយកាត់បន្ថយការកេងប្រវ័ញ្ច អំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នានា ក្នុងកិច្ចការទូទាត់ប្រាក់បៀវត្សនៃជួរមន្ត្រីរាជការស៊ីវិលនេះផង។
លោក ប៉ិច ពិសី ដែលមានជំនាញផ្នែកសេវាសាធារណៈរូបនេះ លើកឡើងថា ៖ «យើងគួរជំរុញយន្តការបច្ចេកវិទ្យានេះឱ្យកាន់តែច្រើនថែមទៀត ទៅលើផ្នែកសេវាសាធារណៈនានាទៀត ដែលយើងនៅបណ្តាប្រទេសផ្សេងៗ គេចាប់ផ្តើមប្រើប្រាស់យន្តការ E-Governance ហ្នឹងជាការប្រើប្រាស់ប្រព័ន្ធរដ្ឋបាលសារធារណៈតាមប្រព័ន្ធអេឡិចត្រូនិក»។
លោក ប៉ិច ពិសី បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលនិងអ្នកជំនាញ ជួយអភិវឌ្ឍន៍ និងសម្រួលបច្ចេកវិទ្យាប័ណ្ណសម្គាល់ខ្លួនថ្មីនេះ ឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដើម្បីជួយសម្រួលបន្ទុកដល់មន្ត្រីដែលមានវ័យចំណាស់ ឬមន្ត្រីដែលមានពិការភាពជាដើម។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា វីកក៏បានលើកឡើងដែរថា យន្តការថ្មីនេះ គឺជាសមាហរណកម្មបច្ចេកវិទ្យាទៅនឹងគោលនយោបាយរដ្ឋាភិបាលដើម្បីបង្កើនភាពងាយស្រួលបន្ថែមចំពោះមន្ត្រីរាជការស៊ីវិល ព្រោះនៅពេលបច្ចុប្បន្នមន្ត្រីរាជការស៊ីវិលភាគច្រើនបានប្រើប្រាស់ប្រព័ន្ធធនាគារ ATM ដើម្បីបើកប្រាក់បៀវត្សស្រាប់ទៅហើយ ដែលមានបទពិសោធន៍ប្រមាណជាង១០ឆ្នាំ។
លោកថា ដូច្នេះការបន្ថែមមុខងារសម្គាល់ខ្លួននិងអត្ថប្រយោជន៍ផ្សេងៗ ទៀតនេះ នឹងផ្តល់លទ្ធផលវិជ្ជមាននិងបង្កបរិយាកាសងាយស្រួលដល់មន្ត្រីរាជការស៊ីវិល។
លោក យង់ ពៅ មានប្រសាសន៍ថា ៖ «វាជាការគាំទ្រក្នុងកំណែទម្រង់រដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលងាយស្រួលក្នុងការគ្រប់គ្រងមន្ត្រីរាជការ ព្រោះការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យានេះមានភាពទូលំទូលាយ ងាយស្រួលក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ និងអាចជំរុញនិន្នាការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងប្រទេសផង»។
ស្រដៀងគ្នានេះដែរលោក មាជ សុវណ្ណារ៉ា នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវផ្នែកគោលនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគាំទ្រចំពោះការធ្វើទំនើបកម្មលើផ្នែកបច្ចេកវិទ្យានៃយន្តការរដ្ឋបាលសារធារណៈនេះ ដោយសារជាកំណែទម្រង់ឲ្យស្របសម័យកាល ដែលកម្ពុជាកំពុងលួតលាស់លើវិស័យបច្ចេកវិទ្យា ជាពិសេសយុវជន និងក្មេងជំនាន់ក្រោយ។
លោកថា សម្រាប់មន្ត្រីរាជការស៊ីវិលដែលមានវ័យចំណាស់ និងអ្នកមានចំណេះខ្វះខាតក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ លោកថា មិនមែនជាបញ្ហាចោទឡើ់យ ដែលគេអាចជួយសម្រួលពួកគាត់បាន។
លោក មាជ សុវណ្ណារ៉ា ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា គួរជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យកាន់តែច្រើនក្នុងវិស័យរដ្ឋបាលដោយបន្ថែមប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ដូចទៅនឹងបណ្តាប្រទេសផ្សេងៗក្នុងតំបន់តួយ៉ាងសិង្ហបុរី ដែលគេបានអនុវត្តរូចរាល់។
សូមបញ្ជាក់ផងដែរថា ចំពោះការបោះពុម្ភប័ណ្ណស្មាតកាតថ្មីនេះ ជាការងាររួមសហការរវាងក្រសួងមុខងារសារធារណៈនិងធនាគារឯកជនជាដៃគូររួមមានអេស៊ីលេដា ធនាគារកាណាឌីយ៉ា និងធនាគារវីង ដែលធ្វើឡើងតាមរយៈការតភ្ជាប់ប្រព័ន្ធសន្ធានកម្មបច្ចេកវិទ្យាព័ត៌មាន(API Integration) ដែលធនាគារដៃគូរទាំងនេះជាអ្នករៀបចំបោះពុម្ភប័ណ្ណ ដែលក្រសួងជាអ្នកត្រួតពិនិត្យមុនយកទៅចែកចាយតាមបណ្តាអង្គភាព។
ធនាគារក៏មានភារៈក្នុងការណែនាំពីរបៀបដំណើរការប័ណ្ណទាំងនេះផង បើសិនក្នុងករណីប័ណ្ណមិនដំណើរការ ម្ចាស់ប័ណុ្ណត្រូវទាក់ទងដោផ្ទាល់ទៅកាន់ធនាគារ។
ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការស៊ីវិលថ្មីក្នុងទម្រង់ស្មាតកាតនេះ មានសុពលភាពរយៈពេល ១០ឆ្នាំ ហើយបើសិន ក្នុងករណីប័ណ្ណខូច បាត់បង់ដោយប្រការណាមួយ ឬចង់ផ្លាស់ប្តូរទិន្នន័យព័ត៌មានផ្ទាល់ខ្លួន សាមីខ្លួនត្រូវស្នើសុំបោះពុម្ភឡើងវិញតាមរយៈសាមីអង្គភាពខ្លួន។
សូមរំឭកថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រសួងមុខងារសាធារណៈធ្លាប់បានប្រកាសពីគម្រោងត្រៀមនឹងប្តូរអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទចាស់ដោយជំនួសមកវិញដោយប័ណ្ណឆ្លាតវៃ ដែលមានមុខងារដូចប័ណ្ណ ATM និងមុខងារឆ្លាតវៃផ្សេងៗទៀត ដើម្បីស្របតាមការជឿនលឿននៃបច្ចេកវិទ្យា៕
ដោយ៖ សំបាន ច័ន្ទដារ៉ា