ក្រុមហ៊ុន Tesla ប្រមូលរថយន្តចំនួន ជាង ២៣ម៉ឺនគ្រឿងវិញ ដើម្បីជួសជុលបញ្ហាភ្លើងខាងក្រោយ

តិចសាស់៖ ក្រុមហ៊ុនរថយន្តអាមេរិក Tesla កំពុងប្រមូលរថយន្តជាង ៣២១០០០គ្រឿង នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលឡើងវិញ ដោយសារតែប្រព័ន្ធភ្លើងខាងក្រោយ អាចមិនបំភ្លឺជាបណ្តើរៗ នេះជាអ្វីដែលក្រុមហ៊ុនបានប្រាប់ តាមរយៈឯកសារដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីថ្ងៃសៅរ៍។

ដំណឹងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប្រមូលមកវិញ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ នៃរថយន្ត Model X ជិត ៣០០០០ គ្រឿងក្នុងសហរដ្ឋអាមេរិក ជុំវិញបញ្ហាដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពអ្នកដំណើរខាងមុខដាក់ពង្រាយមិនត្រឹមត្រូវ ដែលបានធ្វើឱ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះជិត ៣% ដល់កម្រិតទាបខ្លាំងពុំធ្លាប់មាន ក្នុងពេលជិតពីរឆ្នាំ។

នៅក្នុងឯកសារដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបាននិយាយថា ការប្រមូលមកវិញទាក់ទងនឹងភ្លើងខាងក្រោយ នៃប្រភេទរថយន្តម៉ូដែល 2023 Model 3 និង 2020-2023 Model Y ។

ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បាននិយាយថា ខ្លួននឹងប្រើប្រាស់កម្មវិធី ធ្វើការអាប់ដេត «over-the-air» ដើម្បីកែបញ្ហាភ្លើងខាងក្រោយ ហើយបាននិយាយថា ខ្លួនមិនមានរបាយការណ៍អំពីការជួបគ្រោះថ្នាក់ ឬរបួស អ្នកប្រើប្រាស់រថយន្តប្រភេទទាំងនេះ ទាក់ទងនឹងការប្រមូលរថយន្តមកវិញនោះទេ។

ក្រុមហ៊ុនបាននិយាយថា ការប្រមូលមកវិញបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់អតិថិជនដែលខ្លួនបានដឹងកាលពីចុងខែតុលា ដែលភាគច្រើនមកពីទីផ្សារបរទេសដោយអះអាងថា ភ្លើងកន្ទុយរថយន្តមិនបំភ្លឺ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner