ចិន ប្រកាសពីករណីមរណភាពដំបូងដោយសារជំងឺកូវីដ ក្នុងរយៈពេលជិត៦ខែ
ចិន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានប្រកាសពីករណីមរណភាពថ្មីដំបូងនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជិតកន្លះឆ្នាំ។ សេចក្តីប្រកាសនេះ ធ្លាក់មកនៅខណៈដែលវិធានការរឹតបន្តឹងថ្មីៗ ត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេសដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីទៀតនៃជំងឺកូវីដ។
ករណីមរណភាពរបស់បុរសចំណាស់វ័យ ៨៧ ឆ្នាំដែលជាអ្នករស់នៅក្នុងទីក្រុងប៉េកាំងនេះ គឺជាសេចក្តីរាយការណ៍ដំបូង ដោយគណៈកម្មការសុខភាពជាតិចិន រាប់ចាប់តាំងពីថ្ងៃទី ២៦ ខែឧសភា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយកូវីដនៅក្នុងប្រទេសចិន កើនឡើងដល់ ៥ ២២៧នាក់។ ករណីស្លាប់មុននេះ ត្រូវបានអាជ្ញាធរ ប្រកាសនៅក្នុងទីក្រុងសៀងហៃ។
អត្រាទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសសរុបនៅក្នុងប្រទេសចិន មានចំនួនជាង ៩២ភាគរយហើយក្នុងចំណោមនោះគេប៉ាន់ស្មានថាមនុស្សចាស់មិនទទួលបានការចាក់វ៉ាក់សាំងច្រើននោះទេ ជាពិសេសអ្នកដែលមានអាយុចាប់ពី ៨០ឆ្នាំឡើង។ គណៈកម្មការសុខភាពជាតិចិន មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ អំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកស្លាប់។
ចំនួនមនុស្សចាស់ចាក់វ៉ាក់សាំងទាបនេះ ត្រូវបានគេចាត់ទុកថាជាហេតុផលមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង នៅអនុវត្តវិធានការបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយនិងកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយហ្សេរ៉ូកូវីដដ៏តឹងរ៉ឹង មានតាំងពីការចាក់សោបិទខ្ទប់ ការធ្វើចត្តាឡីស័ក ការតាមដានករណីឆ្លង និងការធ្វើតេស្តទ្រង់ទ្រាយធំ ទោះបីជាវិធានការនេះមានផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សេដ្ឋកិច្ច និងជំរុញឲ្យមានការកើនឡើងនៃកំហឹងរបស់សាធារណជនចំពោះអាជ្ញាធរក៏ដោយ។
រយៈពេលជិតបីឆ្នាំនៃការរាតត្បាតជំងឺកូវីដ នៅពេលដែលពិភពលោកទាំងមូល បានបើកចំហព្រំដែនយ៉ាងទូលំទូលាយ ចិននៅតែបិទព្រំដែនរបស់ខ្លួនភាគច្រើន និងរារាំងការធ្វើដំណើរសូម្បីតែនៅក្នុងប្រទេស បើទោះបីជាវិធានការនេះធ្វើឲ្យផលប៉ះពាល់លើសេដ្ឋកិច្ចចិនកើនឡើងក៏ដោយ។
នៅក្នុងរដ្ឋធានីប៉េកាំង ប្រជាជនត្រូវបានរដ្ឋអំណាច ប្រាប់កុំឱ្យធ្វើដំណើរទៅមកសង្កាត់ក្នុងទីក្រុង ហើយភោជនីយដ្ឋាន ហាង ផ្សារទំនើប អគារការិយាល័យ និងប្លុកផ្ទះល្វែងមួយចំនួនធំត្រូវបានបិទ ឬដាក់នៅដាច់ដោយឡែក៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖