ការបោះឆ្នោតសកលនៅប្រទេសនេប៉ាល់បានបញ្ចប់ ដោយមានអ្នកទៅបោះឆ្នោត ៦១ភាគរយ
កាតាម៉ានឌូ៖ ការបោះឆ្នោតសម្រាប់សភាតំណាងនៃសភាសហព័ន្ធ និងសភាខេត្តចំនួន ៧ បានបញ្ចប់ក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ដោយចំនួនអ្នកទៅបោះឆ្នោតប៉ាន់ស្មានថាមានចំនួន ៦១ ភាគរយ។
លោក Dinesh Kumar Thapaliya ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការបោះឆ្នោតបានបញ្ចប់ក្នុងលក្ខណៈដោយសន្តិវិធី។ របាយការណ៍បឋមរបស់យើងបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ៦១ ភាគរយ” ។
លោក Thapaliya បាននិយាយថា ការបោះឆ្នោតត្រូវបានរំខាននៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១៥ ក្នុងចំណោមមណ្ឌលបោះឆ្នោតចំនួន ២២២៧ នៅទូទាំងប្រទេស ដោយកត់សម្គាល់អ្នកបោះឆ្នោតត្រូវទៅបោះឆ្នោតម្តងទៀត នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១៥ ក្នុងរយៈពេលពីរថ្ងៃ។
លោក Thapaliya បានបន្ថែមថា មនុស្សម្នាក់បានស្លាប់នៅពេលដែលប៉ូលិសបើកការបាញ់ប្រហារនៅក្នុងស្រុក Bajura បន្ទាប់ពីមនុស្សមួយចំនួនព្យាយាមរារាំងដំណើរការបោះឆ្នោត ហើយយ៉ាងហោចណាស់មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតាមតំបន់ផ្សេងៗនៃប្រទេស។
លោក Thapaliya បានថ្លែងថា៖ «ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលប្រអប់សន្លឹកឆ្នោតត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលរាប់សន្លឹកឆ្នោត។ អ្នកបោះឆ្នោតប្រហែល ជិត១៨លាននាក់មានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភា ចំនួន ២៧៥ នាក់ និងសមាជិកចំនួន ៥៥០ នាក់នៅក្នុងសភាខេត្ត ចំនួនប្រាំពីរ៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត
