មន្រ្តី៖ ឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់ ៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់

អត្ថបទដោយ៖
CPA

បាត់ដំបង៖ ឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន ៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ។

ឯកឧត្តម សុខ លូ បានថ្លែងដូចនេះនាទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា២០២២ និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
លោកមានប្រសាសន៍ថា ៖ «ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ដែលមានអត្រាមរណភាព ២%នៃការស្លាប់ដោយជំងឺមិនឆ្លង ដែលនៅឆ្នាំ២០១៧ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមចំនួន៤២៥លាននាក់ និងឆ្នាំ២០៤០ អាចកើនឡើងដល់ ៦៤២លាននាក់ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់»។

ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ ឬមន្រ្ដីសុខាភិបាលរបស់ខ្លួនទាំងអស់ ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដោយត្រូវខិតខំបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់កាយវិការ ពាក្យសម្ដីសមរម្យដល់ប្រជាពលរដ្ឋ ដែលសមស្របទៅនឹងក្របខណ្ឌវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងត្រូវខិតខំពង្រឹងវិស័យសុខាភិបាលរបស់ខ្លួនឱ្យបានកាន់តែល្អជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមរំឭកថា ទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែមតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ» និងពិធីដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម ក្នុងខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

គោលបំណងចម្បងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមមកលើគ្រួសារ ការលើកកម្ពស់ការអប់រំ ការការពារ ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏ សំខាន់មួយ។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា ជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាហានិភ័យចំនួន៤គឺ របបអាហារគ្មានសុខុមាលភាព, កង្វះកាយវប្បកម្ម គឺលំហាត់ប្រាណ, ការប្រើប្រាស់ថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

ជំងឺទឹកនោមផ្អែមមាន៣ប្រភេទ រួមមាន ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតឡើងចំពោះកុមារ និងមនុស្សវ័យជំទង់អាយុក្រោម៣០ឆ្នាំ (ការព្យាបាលត្រូវចាក់អាំងស៊ុយលីន)។ មួយប្រភេទទៀតគឺ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលកើតឡើងចំពោះមនុស្សពេញវ័យអាយុ៣០ឆ្នាំឡើង (អាចបង្ការបាន និងការព្យាបាលដោយប្រើប្រាស់ថ្នាំលេប)។

ចំណែក មួយប្រភេទទៀតគឺ ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ ដែលកើតឡើងចំពោះស្ត្រីមានអាយុគភ៌ ២៤ ទៅ២៨សប្តាហ៍ (អាចជាទៅវិញក្រោយពេលសម្រាលកូន ប៉ុន្តែ១០ទៅ១៥ឆ្នាំក្រោយអាច មានហានិភ័យជំងឺទឹកនោមផ្អែម)។ នេះបើតាមការលើកឡើងរបស់លោក វឿង ប៊ុនរ៉េត។

លោក វឿង ប៊ុនរ៉េត បានបញ្ជាក់ថា ៖ «ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើឱ្យខូចបេះដូង ភ្នែក តម្រងនោម ដំបៅជើង និងអាចរហូតដល់កាត់ជើង ហើយការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ហើយជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាព និងឱ្យបានត្រឹមត្រូវ និងទៀងទាត់»។

សូមបញ្ជាក់ថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះបានក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។

ជារៀងរាល់ឆ្នាំ ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម៕
ដោយ៖នាង សុគន្ធា

ads banner