ប្រធានាធិបតីក្រូអាត បដិសេធការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅក្នុងប្រទេសរបស់ខ្លួន
សាគ្រែប៖ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ បានច្រានចោលលិខិតរបស់រដ្ឋមន្ត្រីការពារជាតិក្រូអាត លោក Mario Banozic ដែលបានស្នើឱ្យប្រធានាធិបតីយល់ព្រមលើការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅក្នុងប្រទេសក្រូអាត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីក្រូអាតបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិក្រួអាតមិនមានសិទ្ធិស្នើសុំការអនុម័តបែបនេះទេ ពីព្រោះយោងតាមរដ្ឋធម្មនុញ្ញ មានតែប្រធានាធិបតី រដ្ឋាភិបាល និងសភាក្រូអាតប៉ុណ្ណោះ ដែលអាចធ្វើការសម្រេចចិត្តបែបនេះបាន។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ រដ្ឋមន្ត្រីការពារជាតិក្រូអាតមិនបានបញ្ជាក់ពីសកម្មភាពរបស់ទាហានក្រូអាតនៅក្រៅប្រទេស ឬទាហានអ៊ុយក្រែននៅក្នុងប្រទេសក្រូអាតទេ ប៉ុន្តែគ្រាន់តែផ្តល់ព័ត៌មានទូទៅ អំពីបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប ក្នុងការជួយអ៊ុយក្រែន ដែលហៅកាត់ថា (EUMAM Ukraine)។
បេសកកម្ម EUMAM Ukraine នេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែតុលាកន្លងទៅ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែននៅក្នុងទឹកដីនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែប្រធានាធិបតីក្រូអាតបាននិយាយថា គាត់នឹងមិនអនុញ្ញាតឱ្យមានការហ្វឹកហាត់ដល់កងកម្លាំងអ៊ុយក្រែននៅក្នុងប្រទេសក្រូអាតឡើយ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

