សម្ដេចតេជោ ហ៊ុន សែន៖ ខែវិច្ឆិកា ឆ្នាំនេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗ
ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅក្រុង-ខេត្តសៀមរាប, នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា សម្រាប់ការខិតខំយ៉ាងសស្រាក់សស្រា ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ។
ខែវិច្ឆិកានេះ គឺជាវេលាដ៏មមាញឹកមួយសម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗទាំងឡាយ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, សន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩នេះ ក៏ប៉ុន្តែការណ៍នេះក៏ជាឱកាស ដ៏ពិសេសមួយសម្រាប់យើងចែករំលែកនូវទស្សនៈ និង យោបល់ ដើម្បីលើកកម្ពស់ការកសាង សហគមន៍អាស៊ាន និង ពង្រឹងសន្តិសុខ, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកទាំងមូល ។
សម្ដេចបន្តថា កិច្ចប្រជុំរបស់យើងត្រូវបានធ្វើឡើងស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា, ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និង បរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្តនយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមពល, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវស្ថានភាពដ៏អាក្រក់មួយ ។
ទន្ទឹមនេះ បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់, ទាំងទំហំ និងភាពញឹកញាប់ ។ ពិតណាស់, ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ, ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ៕ ដោយ ៖ វណ្ណលុក


