ក្រសួងអប់រំ ត្រៀមរៀបចំ ក្រុមការងារសុខភាព អនុវត្តស្តង់ដារអនាម័យ ដើម្បីរក្សាបាននូវសុវត្តិភាពដល់បេក្ខជនប្រឡង បាក់ឌុប
ភ្នំពេញ៖ ខណៈពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ នឹងមកដល់ថ្ងៃខាងមុខនេះ ក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញពីមុនដំណើរការសំណេរថា ក្រុមការងារសុខភាពត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងមានរបៀបរៀបរយដើម្បីរក្សាបាននូវសុវត្តិភាពដល់បេក្ខជន ។
សម្រាប់កិច្ចការងារត្រូវអនុវត្តមានដូចជា៖ ការរៀបចំបន្ទប់សុខភាព ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងបន្ទប់ប្រឡងបម្រុង ដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥អង្សារសេ និងបន្ទប់ដោយឡែក សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព។
រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូ អាល់កុល ឬជែលលាងដៃ និងសម្ភារៈការពារសុវត្ថិភាពដូចជា អាវការពារសុវត្ថិភាព (PPE) ស្រោមដៃ ម៉ាស់ សម្ភារៈរម្ងាប់មេរោគ សម្រាប់គណៈមេប្រយោគនិងគណៈកម្មការនានា ប្រើប្រាស់ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសេបន្ទប់ប្រឡងដោយឡែក សម្រាប់បេក្ខជនមានកម្ដៅលើសពី ៣៧,៥អង្សាសេ និងមានបញ្ហាសុខភាព។ ក្រៅពីនេះក៏ត្រូវរៀបចំចងខ្សែកំណត់ទីតាំងគម្លាតសុវត្ថិភាព ដាក់បង្ហាញនូវសញ្ញា និងទិសដៅនៃការចល័តចេញចូល នៅក្នុងបរិវេណមណ្ឌលប្រឡង ដោយរក្សាគម្លាតយ៉ាងតិចបំផុត ១,៥ម៉ែត្រ។
រៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីចាត់វិធានការសង្គ្រោះស្របតាមវិធានវេជ្ជសាស្ត្ររបស់ ក្រសួងសុខាភិបាល។
កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំ២០២២រួមមាន៖ ដំណើរការសំណេរ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ , ដំណើរ ការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០ ២២,ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។
គួររំលឹកដែរថាក្រសួងអប់រំបានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំង ប្រទេស ៕ ដោយ ៖ ម៉ាដេប៉ូ