សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថារដ្ឋជាសមាជិកអាស៊ានគួរពង្រឹងជំហរពហុភាគីនិយម
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់របស់កម្ពុជាលើយន្តការពហុភាគីនិយម ហើយសង្ឃឹមថា រដ្ឋជាសមាជិកអាស៊ានដទៃទៀតគិតគូរពង្រឹងពហុភាគីនិយមនេះដែរ នៅចំពោះមុខការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិធ្ងន់ធ្ងររបស់ពិភពលោកដទៃទៀត។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជា្កក់ថា កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយមប្រកបដោយបរិយាបន្ននិងបើកចំហ ក្នុងឋានៈកម្ពុជាជាប្រទេសតូច នៅចំពោះមុខភាពមិនប្រកដប្រជានៃស្ថានការណ៍សាកល និងការប្រជែងភូមិសាស្ត្រនយោបាយ ដែលស្ថិតក្នុងវិបត្តិដ៏ស្មុគស្មាញ និងកំពុងគំរាមកំហែងដល់គ្រឹះនៃសន្តិភាព ស្ថិរភាពពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះថា៖« ក្នុងឋានៈជារដ្ឋតូច កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយមប្រកបដោយបរិយាបន្ននិងបើកចំហ។ ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ានឬសណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវអន្តរជាតិអន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខ្ញុំជឿជាក់ថា សមាជិកអាស៊ានដទៃទៀតក៏មានទស្សនៈដូចគ្នានៅលើចំណុចនេះដែរ »។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលើកឡើងថា យន្តការពហុភាគីនិយមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមបណ្តាប្រទេសតូចតាច និងបណ្តាប្រទេសប្រទេសមានការអភិវឌ្ឍតិចតួច ក្នុងបរិបទពិភពលោកដែលនិន្នាការឯកតោភាគីនិយម និងនិន្នាការគាំពារនិយមកំពុងលេចត្រដែតឡើង ក្នុងការដោះស្រាយប្រឈមនានាទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
លោកបណ្ឌិតគិន ភាថ្លែងថា៖« បញ្ហាជាច្រើនដែលបានកើតឡើងគឺមិនត្រូវបានដោះស្រាយដោយប្រទេសណាមួយតែឯកឯងបានទេ លុះត្រាតែមានការរួមកម្លាំងគ្នាពីបណ្តាប្រទេសនានានិងភាគីពាក់ព័ន្ធនានា ទើបយើងអាចដោះស្រាយបាន ពីព្រោះបញ្ហាប្រឈមគឺគ្មានព្រំដែនឡើយ។ ដូច្នេះ ការពង្រឹងពហុភាគីភាគីនិយមមានសារៈខាន់សម្រាប់កម្ពុជានិងបណ្តាប្រទេសផ្សេងៗ យើងអាចរាប់បានដូចជាវិបត្តិរាតត្បាតកូវីដ១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ វិបត្តិស្បៀង វិបត្តិថាមពល ជាដើម »។
ទោះបីជាក្នុងក្របខ័ណ្ឌអាស៊ាន តែងមានការលើកកម្ពស់យន្តការពហុភាគីនិយមជារឿយៗក្តី ក៏លោកបណ្ឌិត គិន ភា យល់ថា នៅមានការរាំងស្ទះមួយចំនួនដែរ ខណៈនៅក្នុងការសម្រេចចិត្តចំពោះផលប្រយោជន៍រដ្ឋនៅខណៈពេលខ្លះ មានការប្រទាំងប្រទើសចំពោះនិន្នាការពហុភាគីនិយម និងឯកតោភាគីនិយម ពីបណ្តារដ្ឋជាសមាជិកអាស៊ានខ្លះ។
ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយយល់ថាកត្តាទំនាក់ទំនងក្នុងប្រវត្តិសាស្រ្តនិងកត្តាផលប្រយោជន៍របស់បណ្តារដ្ឋជាសមាជិកអាស៊ានជាដើមចម នៃការរាំងស្ទះដល់ដំណើរលើកកម្ពស់និន្នាករពហុភាគីនិយម។ ក្រៅពីនោះ ទំនោររកទៅរកប្រទេសមហាអំណាចណាមួយក្នុងលក្ខខណ្ឌសម្ព័ន្ធមិត្តឬមិត្តដែកថែបពីសំណាក់ប្រទេសជាសមាជិកអាស៊ានជាដើមក៏ជាឆ្អឹងទទឹងក ក្នុងដំណើរយន្តការពហុភាកីនិយមសម្រាប់អង្គការតំបន់មួយនេះដែរ។
សម្រាប់លោកបណ្ឌិត យង់ ពៅ លោកមានសុទិដ្ឋិនិយមចំពោះដំណើររួមនៃនិន្នាការពហុភាគីនិយមរបស់អាស៊ាន បើទោះបីអង្គការតំបន់មួយនេះ នៅមានចំណុចអារិភាពនឹងគ្នាខ្លះៗ ដែលមិនទាន់រកចំណុចរួម និងកុងសង់សីលក្តី ព្រោះលោកយល់ អង្គការតំបន់នេះបានហែលឆ្លងព្យុះភ្លៀងរាប់សិបឆ្នាំជាមួយនឹងគ្នាទៅហើយ ក៏អង្គការនេះរក្សាបានចំណងតាំងពីមានសមាជិកត្រឹម ៥ប្រទេស មក ១០ប្រទេស ហើយនឹងអាចកើនដល់សមាជិក ១១ប្រទេស។
ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាថ្មីនេះ ចំពេលដែលពិភពលោកកំពុងក្រឡេកមើលមកកាន់តំបន់អាសានដែលកំពុងនៅកណ្ដាលផលប្រយោជន៍របស់ចិននិងអាមេរិក។អាស៊ានក្លាយជាទីប្រជែងឥទ្ធិពលគ្នាពីមួយថ្ងៃទៅមួយថ្ងៃរវាងមហាអំណាច ក្នុងតំបន់និងពិភពលោក៕ ដោយ៖ សំបាន ច័ន្ទដារ៉ា