លោក ណារិន ម៉ូឌី កោតសរសើរទីភ្នាក់ងារអវកាសឥណ្ឌាទំាងមូល បើទោះបីជាយានអវកាសដែលត្រៀមខ្លួនចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍នេះដាច់ការទាក់ទង
ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO កំពុងស្វះស្វែងរកវិធីភ្ជាប់ទំនាក់ទំនងជាថ្មី ស្របពេលយានអវកាសដែលត្រៀមខ្លួនចុះចតលើព្រះច័ន្ទនៅថ្ងៃសៅរ៍សប្តាហ៍នេះ បានបាត់បង់ការទាក់ទងជាមួយនឹងក្រុមការងារលើផែនដីយើង ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលកំពុងពិនិត្យដោយផ្ទាល់ ចំពោះការបញ្ជាយានវីក្រាម នៃបេសកកម្ម ចាន់ដ្រាយ៉ាន-២ ពីទីក្រុងបេងហ្គាឡ័រ ភាគខាងត្បូងឥណ្ឌា បានមើលឃើញអំពីផែនការដែលមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកនេះ ប៉ុន្តែលោកក៏បានកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទីភ្នាក់ងារអវកាសឥណ្ឌាទាំងមូល ។
បើតាមការគ្រោងទុកនោះ យាន វីក្រាម ដែលផ្តាច់ចេញពីតួយានផ្កាយរណប ចាន់ដ្រាយ៉ាន-២ បានព្យាយាមធ្វើការចុះចតលើផ្ទៃព្រះច័ន្ទ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែនៅមុន១០នាទី ដែលវាត្រូវបានគេរំពឹងថា នឹងចុះចតដល់ផ្ទៃព្រះច័ន្ទនោះ វាស្រាប់តែបាត់បង់ការទាក់ទង ។ យ៉ាងណាមិញ ទីភ្នាក់ងារអវ កាសឥណ្ឌា ISRO មិនទាន់អាចផ្តល់ព័ត៌មានលំអិតនៅឡើយទេ ៕