ជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្លូវលំ ស្ពាន លូជាច្រើនកន្លែង រងការខូចខាតក្នុងឃុំចំនួន២ នៃស្រុកជាំក្សាន្ត

ព្រះវិហារ៖ ផ្លូវលំគ្រួសក្រហមជាច្រើនពាន់ម៉ែត្រ និងស្ពានលូជាច្រើនកន្លែងបានរងការដាច់ច្រោះ បាក់ស្រុតដោយសារជំនន់ទឹកភ្លៀង ដែលគិតចាប់ពីចុងខែសីហាកន្លងមកនេះ ស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះឃុំរំដោះស្រែ ជំនន់ទឹកភ្លៀងដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ទឹកជំនន់បានធ្វើឲ្យផ្លូវលំគ្រួសក្រហមជនបទប្រវែង១,៧៧២ម៉ែត្រ និងផ្លូវលំគ្រួសក្រហមមូលនិធិឃុំប្រវែង១,១០៨ម៉ែត្រ រងនូវការដាច់ច្រោះ ព្រមទាំងបាក់ស្រុត ស្ពាន លូ អណ្ដូង សរុបចំនួន២៩កន្លែង ជាមួយគ្នានេះបង្គន់អនាម័យចំនួន៨ និងផ្ទះប្រជាពលរដ្ឋ៤ខ្នង ក៏បានរងការខូចខាតដោយសារទឹកជំនន់ហូរច្រោះផងដែរ។ នេះបើយោងតាមរបាយការណ៍ ដែលភ្នាក់ងារទូរទស្សន៍អប្សរា ប្រចាំខេត្តព្រះវិហារទទួលបានពីលោក សេត សែន មេឃុំរំដោះស្រែ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះដែរ លោកហ៊ឹម ហឿន មេឃុំយាង ក៏បានបញ្ជាក់បា្រប់ឲ្យដឹងតាមប្រព័ន្ធ Telegram មកថាទឹកជំនន់បានធ្វើឲ្យផ្លូវលំក្រាលគ្រួសក្រហមប្រវែង១,២៣០ម៉ែត្រ រងការខូចខាត ដោយកន្លែងខ្លះទឹកហូរធ្វើឲ្យដាច់ និងច្រោះ និងក្បាលលូ ចំនួន២កន្លែងស្រុតផងដែរ។ លោកមេឃុំបញ្ជាក់ថា ទិន្នន័យនេះនូវមិនទាន់អាចកំណត់យកបាន ជាផ្លូវការនោះនៅឡើយទេ ព្រោះថាបច្ចុប្បន្នជំនន់ទឹកភ្លៀងកំពុងនៅជន់លិចផ្លូវប្រវែង២,១០០ម៉ែត្រ រួមនឹងផ្ទៃដីកសិកម្មបង្កបង្កើនផល របស់ពលរដ្ឋជាច្រើនហិកតាផងដែរ។ លោកថាបច្ចុប្បន្នទឹកបាននឹងកំពុងស្រកចុះទៅវិញហើយដែរ ប៉ុន្តែការស្រកចុះនេះមានសភាពយឺតបន្តិច។

សូមជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញានេះ ស្ថានភាពទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានកម្ពស់១៣,៤៥ម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៕ម.ន ដោយៈ សួន លីណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner