កោះសាមុយរបស់ប្រទេសថៃ ស្វាគមន៍កប៉ាល់ទេសចរណ៍អឺរ៉ុបដំបូងរបស់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំ

បាងកក៖ ប្រទេសថៃបានស្វាគមន៍កប៉ាល់ទេសចរណ៍ដំបូងរបស់ខ្លួន ក្នុងរយៈពេលបីឆ្នាំជាមួយនឹងអ្នកដំណើរចំនួន ៦៣៦នាក់ដែលបានចុះចតនៅកំពង់ផែ Na Thon របស់កោះ Samui ក្នុងថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ភ្ញៀវទេសចរត្រូវបានទទួលស្វាគមន៍ តាមរយៈការប្រគំតន្ត្រី សកម្មភាពផ្សេងៗ ព្រមទាំង ការសម្តែងជាច្រើនដែលរៀបចំដោយអ្នកស្រុក។
ក្នុងពេលរង់ចាំទទួលស្វាគមន៍ពួកគេ ក៏មានវត្តមាន អនុឧត្តមនាវីឯក Charaskiart Chaiyaphan មេបញ្ជាការតំបន់កងទ័ពជើងទឹក លេខ២ នៃមជ្ឈមណ្ឌលបញ្ជាការអនុវត្តដែនសមុទ្រថៃ។

ក្រៅពីនេះ ក៏មានអភិបាលស្រុកកោះ Samui លោក Chayapol Intarasupha និង លោកស្រី Supakarn Yodchoon ប្រធានការិយាល័យទេសចរណ៍ កោះ Samui ផងដែរ។ ក្រុម
មន្ត្រីនគរបាលមូលដ្ឋានក៏នៅទីនោះផងដែរ ដើម្បីផ្តល់ការការពារ។

លោកស្រី Supakarn បាននិយាយថា MV Viking គឺជាកប៉ាល់ទេសចរណ៍អឺរ៉ុបដំបូងគេដែលមកដល់ប្រទេសថៃ ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងកាលពីបីឆ្នាំមុន។ លោកស្រីបានបន្ថែមថា នាវាទេសចរណ៍ជាច្រើនទៀតអាចត្រូវបានគេរំពឹងថា នឹងចូលចតនៅកោះសាមុយចាប់ពីខែធ្នូ ដល់ដើមឆ្នាំក្រោយ។

លោកស្រីក៏បានឲ្យដឹងដែរថា វិស័យទេសចរណ៍នៅកោះដ៏ពេញនិយមដូចជា កោះសាមុយ កោះផាង៉ាន និងកោះតាវ បានចាប់ផ្តើមកើនឡើង។
លោកស្រីបានបន្ថែមថា ចំនួនអ្នកទេសចរបរទេសមកលេងកោះតាវ គឺមានចំនួនជិតនឹងតួលេខក្នុងឆ្នាំ ២០១៩ ខណៈដែលកោះសាមុយ និងកោះផាងន ស្ថិតក្នុងកម្រិត ៦០% នៃកម្រិតមុនកូវីដ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner