មេបញ្ជាការកងទ័ព ចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាពសំខាន់ចាំបាច់បំផុត ក្នុងកំណែទម្រង់កងទ័ព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាពសំខាន់បំផុត ក្នុងកំណែទម្រង់កងទ័ព។ នេះបើតាមប្រសាសន៍របស់លោកដែលបានថ្លែងក្នុងពិធី​បិទវគ្គកុម្មង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល)នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានស្រង់ប្រសាសន៍របស់លោក វង្ស ពិសេន ដែលកត់សម្គាល់ពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោយចាត់ទុកថានេះជាមោទនភាព ជាកិត្យានុភាពរបស់កម្ពុជា ដែលល្បីរន្ទឺលើឆាកអន្តរជាតិ។ លោកពិសេនលើកឡើងថា ក្នុងបរិបទដែលប្រទេសជាតិមានសន្តិភាពពេញ​លេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹក​ហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់​​តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។​

ឯកឧត្តម វង្ស ពិសេន បញ្ជាក់៖ « ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ»។

ឯកឧត្តមក៏បានលើកឡើងពីយុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេសទៅ​ជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារ​បូរណភាព​ទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ៖«កងទ័ពទាមទារចាំបាច់ក្នុងការប្រកាន់​ខ្ជាប់លក្ខណៈ​សម្បត្តិ​​​បួនយ៉ាង គឺ ទឹកចិត្តក្លាហាន ភក្តីភាព កាយ​សម្ប​ទា​ និងជំនាញ»។

អគ្គមេបញ្ជាការរូបនេះ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវភារកិច្ច អនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីការពារសន្តិភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់អំពើភេរវកម្ម និងបង្ក្រាប​​​បទល្មើសនានា ដែលបង្កអស្ថិរភាព​ក្នុង​សង្គមជាតិ៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner