សម្ដេចតេជោ ហ៊ុន សែន ជួបលោក យ៉ង សាំង កុមារ និងមនុស្សជំនិតលើការងារកសិកម្ម ក្រោយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះរូបភាព ភ្ជាប់ដោយសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២ ថា ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។
សូមជម្រាបថា លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មការប្រតិបត្តិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរសេរលិខិតជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពីមូលហេតុនៃការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចថា ដោយសារលោកពេញចិត្តនឹងគោលនយោបាយកសិកម្ម ដែលសម្តេចតេជោបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះ ក្នុងនោះ លោកកត់សម្គាល់ពីគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង។ វិធានការណ៍ជាក់ស្ដែងរបស់សម្ដេចតេជោ ដែលអ្នកនយោបាយបណ្ឌិតកសិកម្មរូបនេះ ចាប់អារម្មណ៍នោះ ត្រូវបានលោក រៀបរាប់ក្នុងលិខិតដដែលទៀតថា មានដូចជាគោលនយោបាយផលិតពូជស្រូវ សម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម ។
បណ្ឌិតដែលជំនាញលើវិស័យកសិកម្មដែរនោះ បានអះអាងទៀតថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីពីសម្ដេចតេជោ ដូចគ្នាទៅនឹងចំណេះដឹង ជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារ លើវិស័យកសិកម្មរបស់លោក ។ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស វិស័យស្រូវអង្ករ ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ដល់ថ្ងទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកស្រូវពូជដល់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធ៌សាត់ និងខេត្តកំពង់ឆ្នាំង និងបន្តមកនៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកស្រូវពូជដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន ២ទៀត រួមមាន ខេត្តកំពង់ធំ និងខេត្តព្រៃវែងផងដែរ ៕ ដោយ វណ្ណលុក


