អាមេរិកចោទចិនថា បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងលើការប្រកួតប្រជែងផ្នែកអវកាសយោធា
អាមេរិក៖ប្រធានបុគ្គលិកនៃកងកម្លាំងអវកាសអាមេរិក លោកស្រី Nina Armagno បានព្រមាននៅថ្ងៃចន្ទទី ២៨ ខែវិច្ឆិកាថា ការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកសមត្ថភាពយោធារបស់ប្រទេសចិន បង្កើនហានិភ័យដល់ឧត្តមភាពរបស់អាមេរិកនៅក្នុងលំហអាកាស។
លោកស្រី Armagno បានថ្លែងក្នុងកម្មវិធីមួយនៅទីក្រុងស៊ីដនី ដែលរៀបចំដោយអង្គការស្រាវជ្រាវអូស្រ្តាលី Australian Strategic Policy Institute ថា ទីក្រុងប៉េកាំងបានធ្វើឱ្យមានការវិវឌ្ឍន៍យ៉ាងសំខាន់ផ្នែកបច្ចេកវិទ្យាអវកាសយោធា ដូចជាលើវិស័យទំនាក់ទំនងផ្កាយរណប និងយានអវកាសដែលអាចប្រើឡើងវិញបាន ដែលអនុញ្ញាតឱ្យប្រទេសផ្សេងៗទៀតបង្កើនកម្មវិធីអវកាសរបស់ខ្លួនយ៉ាងឆាប់រហ័សទៅតាមនោះដែរ។
លោកស្រី Armagno បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វាអាចទៅរួចទាំងស្រុង ដែលពួកគេអាចតាមទាន់ និងដើរលើសពួកយើង។ វឌ្ឍនភាពដែលពួកគេបានធ្វើ គឺពិតជាអស្ចារ្យ លឿនគួរឱ្យភ្ញាក់ផ្អើល»។
គេកត់សម្គាល់ថា ទីក្រុងប៉េកាំងបានធ្វើឱ្យមានការជឿនលឿនលើផ្នែកអវកាសរបស់ខ្លួនគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវាជាការវិវត្តដ៏សំខាន់របស់ចិន ដើម្បីចូលរួមប្រកួតប្រជែងជាមួយអាមេរិក និងរុស្ស៊ី ដែលប្រណាំងគ្នារាប់ទសវត្សរ៍លើវិស័យអវកាស។
កន្លងមកប្រធានកម្មវិធីរុករកព្រះចន្ទចិនលោក Ye Peijian បានប្រដូចព្រះច័ន្ទ និងភពព្រះអង្គារ ដែលខ្លួនបានដាក់យានរុករក ទៅនឹងកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងកំពុងព្យាយាមទាមទារការកាន់កាប់។ បច្ចុប្បន្ននេះ ចិនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាពិសោធន៍ ដើម្បីទាញយកធនធានធម្មជាតិលើការស្រាវជ្រាវផ្នែកអវកាសរបស់ខ្លួន។
តាមរយៈនេះ លោកស្រី Armagno បាននិយាយថា ចិន]គឺជាប្រទេសតែមួយគត់ ដែលមានចេតនារៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញតាមបែបខ្លួន ហើយបង្កើនអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវគោលបំណងនោះ។
លោកស្រី Armagno បន្តថា រួមជាមួយរុស្ស៊ី ប្រទេសចិនក៏បានធ្វើការសាកល្បងមីស៊ីល «ដោយមិនប្រុងប្រយ័ត្ន» ដែលបានបង្កើតបរិមាណដ៏គ្រោះថ្នាក់នៃកម្ទេចកម្ទីអវកាសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្រ្តីអាមេរិកដដែល បន្ថែមយ៉ាងដូច្នេះថា៖ «វាលកម្ទេចកម្ទីទាំងនេះបានគំរាមកំហែងដល់ប្រព័ន្ធលំហអាកាស ហើយប្រព័ន្ធទាំងនេះមានសារៈសំខាន់ចំពោះសន្តិសុខ សេដ្ឋកិច្ច និងផលប្រយោជន៍វិទ្យាសាស្ត្រសម្រាប់គ្រប់ប្រទេសទាំងអស់»៕
ដោយ៖ហួន ឌីណា ប្រភព៖ China poses increasing threat in military space race, top U.S. general says