ក្រសួងសុខាភិបាល តម្រូវឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេស អ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូនឡើយ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត គឺតម្រូវលើការពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនទៀតថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព(ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍។
អាស្រ័យហេតុនេះ សូមលោក លោកស្រី អភិបាល នៃគណ:អភិបាលរាជធានី-ខេត្ត ទាំងអស់យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាល ពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬផឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់ ៕ ដោយ៖ ឆៃហួត និងប៊ុនធី


