សិក្ខាសាលាផ្សព្វផ្សាយ “សេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍តាមកាលកំណត់លើកទី៣ របស់ប្រទេសកម្ពុជា ស្ដីពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»

ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ “សេចក្ដីអង្កេតសន្និដ្ឋាន នៃរបាយការណ៍តាម កាលកំណត់លើកទី៣ របស់ប្រទេសកម្ពុជា ស្ដីពី កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ» នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណងផ្សព្វផ្សាយ តាមដាន និងជំរុញការ អនុវត្តអនុសាសន៍ នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជា គណៈកម្មការទទួលបន្ទុកតាមដានការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ របស់រដ្ឋភាគី ។

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំង ពិធីសារបន្ថែមចំនួន ៤ទៀតផងដែរ ។

ឯកឧត្តមបន្ថែមថា ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស មានកាតព្វកិច្ចក្នុងការសរសេររបាយការណ៍ចំនួន៥ ជូនអង្គការសហ ប្រជាជាតិ រួមមាន របាយការណ៍ពិនិត្យឡើងវិញតាមកាលកំណត់ជាសកល (UPR) របាយការណ៍សិទ្ធិ ពលរដ្ឋ និងសិទ្ធិនយោបាយ របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និងរបាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំ។

បន្ថែមលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏មានភារកិច្ចក្នុងការសរសេរឯកសារគោល រួម (Common Core Document) ដែលជាឯកសារនិយាយអំពីព័ត៌មានទូទៅពាក់ព័ន្ធនឹងប្រទេសកម្ពុជា សម្រាប់ភ្ជាប់ជាមួយរបាយការណ៍តាមសន្ធិសញ្ញាជាក់លាក់នីមួយៗ ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមកាន់តែសកម្ម និងប្រកបដោយអត្ថន័យបន្ថែមទៀត ក្នុងដំណើរការនៃការសរសេររបាយការណ៍សិទ្ធិមនុស្ស និងការការពាររបាយការណ៍ជាមួយគ្រប់យន្តការសិទិ្ធមនុស្ស ដើម្បីបុព្វហេតុ និងកិត្យានុភាពជាតិ របស់យើង ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner