រដ្ឋាភិបាលកម្ពុជាពង្រីកកិច្ចសហការជាមួយឯកជន ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសារធារណការ និងដឹកជញ្ជូន បានពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជនទាំងជាតិ និងអន្តរជាតិដើម្បីជំរុញនិន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសារធារណការ ក៏ទើបតែបានឯកភាពឱ្យក្រុមហ៊ុន BYD Auto Industry បោះទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលអគ្គីសនីរយយន្តចំនួន២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា ការលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានាដូចជា៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួនបួនស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ជុំវិញការលើកឡើងខាងលើ លោក Henry Yip តំណាងក្រុម BYD Auto Industry បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនលោក សម្រេចបោះទុនវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលគោលដៅនៅកម្ពុជា ដោយសារតែចង់ចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ លោកបញ្ជាក់ថា ចំពោះផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា គឺយ៉ាងយូរនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ។

លើសពីនេះ ក៏លោកបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការផងដែរ។

បច្ចុប្បន្នការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីហាក់មានការកើនឡើងច្រើនជាងមុនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង រយៈពេល៧ ខែឆ្នាំ២០២២ នេះ មានរថយន្តអគ្គិសនីដែលបានមកចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ១៥៥ គ្រឿង ខណៈរយៈពេល៧ខែ នៅឆ្នាំ២០២១ មានរថយន្តអគ្គិសនី ដែលបានមកចុះបញ្ជីត្រឹមតែចំនួន ១១ គ្រឿងប៉ុណ្ណោះ ពោលគឺមានការកើនឡើងប្រមាណ ១៣០០ភាគរយ ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។គិតមកដល់ពេលនេះកម្ពុជា មានស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួនប្រាំពីរទីតាំង ដែលក្នុងនោះមាន៖នៅខេត្តព្រះសីហនុមួយ ខេត្តបាត់ដំបងមួយ ខេត្តសៀមរាប និងនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនបួនបួន។

បច្ចុប្បន្ន ក្រសួងសាធារណការធ្លាប់បានអះអាងទៀតថា កម្ពុជាគ្រោងនឹងដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនីនេះ ឱ្យបានលើស១៥ទីតាំងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដោយក្នុងនោះ ក៏មានការសហការជាមួយវិស័យឯកជនផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner