ដើមកោងកាងផ្តល់សារៈយ៉ាងសំខានដល់ បរិស្ថានសមុទ្រក្នុងការជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ

ភ្នំពេញ៖ កូនដើមកោងកាងចំនួន ៣០០០ដើមត្រូវបានដាំនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប គូសបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។

គួរបញ្ជាក់ថា ទិវាអនាម័យបរិស្ថានប្រារព្ធនៅខេត្តកែបប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍សរុបជាង ២០០នាក់។

ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងថា៖ដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។ សម្រាប់នៅកម្ពុជាយើងវិញ គឺមានសំរាមជាង ១០.០០០តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។ ចំពោះដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធនិងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់ ៕ ដោយ៖ម៉ាដេប៉ូ