អ្នកកាសែតដែលត្រូវរបបយោធាភូមាចាប់ដាក់ពន្ធនាគារ ជំរុញឱ្យជប៉ុនដាក់សម្ពាធលើភូមា

មីយ៉ាន់ម៉ា៖ អ្នកកាសែតដែលត្រូវរបបយោធាភូមាចាប់ដាក់ពន្ធនាគារ បានជំរុញឱ្យជប៉ុនដាក់សម្ពាធលើភូមា។ អ្នកកាសែតជប៉ុនម្នាក់នោះបានអំពាវនាវឱ្យទីក្រុងតូក្យូដាក់សម្ពាធបន្ថែមទៀតលើរបបយោធាភូមានិងទទួលយកជនភៀសខ្លួនដែលភៀសខ្លួនចេញពីប្រទេសទេសនេះ។

លោក តូរ៉ូ គូបូតា(Toru Kubota) បានជាប់ពន្ធនាគាររយៈពេលបីខែកន្លះបន្ទាប់ពីត្រូវចាប់ខ្លួននៅជិតការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនាទីក្រុងយ៉ាំងហ្គោនក្នុងខែកក្កដា។ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ដាក់គុក ក្នុងអំឡុងពេលមានការបង្រ្កាបបង្ហូរឈាមបំបាក់បាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈឆ្នាំ២០២១។

Kubota អាយុ២៦ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់គុកប្រាំពីរឆ្នាំសម្រាប់ការថតហេតុការណ៍ បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។ តុលាការរបបសឹកក៏បានកាត់ទោសលើបទចោទមួយទៀតដោយសម្រេចដាក់គុក រួបលោករយៈពេលបី ឆ្នាំពាក់ព័ន្ធរំលោភលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា។

គាត់ត្រូវបានដោះលែងនៅថ្ងៃទី១៨ខែវិច្ឆិកា រួមជាមួយអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត រួមទាំងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស Vicky Bowman និងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ដែលធ្លាប់កាន់តួនាទីជាទីប្រឹក្សាមេដឹកនាំលោកស្រី Aung San Suu Kyi។

លោកKubota បានជំរុញឱ្យប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយ និងអ្នកវិនិយោគធំនៅភូមាចាត់វិធានការយ៉ាងសកម្មចំពោះការរំលោភសិទ្ធិមនុស្ស។ លោកបាននិយាយនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ ៖ «ប្រទេសជប៉ុនគួរតែ ពិនិត្យយ៉ាងតឹងរ៉ឹងថាតើជំនួយទាំងនេះត្រូវបានប្រើប្រាស់ដោយយោធា ហូរទៅកាន់យោធា និងថាតើមូលនិធិទាំងនេះ ត្រូវប្រើប្រាស់ ដើម្បីសម្លាប់មនុស្សដែរឬទេ»។

ទេសជប៉ុនបានប្រកាសបន្ទាប់ពីរដ្ឋប្រហារថា ខ្លួននឹងបញ្ឈប់គម្រោងជំនួយថ្មីទាំងអស់ ទោះបីជាកម្មវិធីដែលមានស្រាប់មិនត្រូវបានប៉ះពាល់ក៏ដោយ។ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីខែកញ្ញាថា ខ្លួនកំពុងបញ្ចប់កម្មវិធីដ៏ចម្រូងចម្រាសក្នុងការបណ្តុះបណ្តាលសមាជិកនៃយោធាមីយ៉ាន់ម៉ា។

អ្នកកាសែតជប៉ុន លោកគូបូតា ក៏បានជំរុញឱ្យទីក្រុងតូក្យូទទួលយកជនភៀសខ្លួនពីមីយ៉ាន់ម៉ាបន្ថែមទៀត៖«អ្វីដែលយើងត្រូវគិតគឺរបៀបការពារមនុស្សទាំងនោះដែលរត់ចេញពីការគ្រប់គ្រងបែបផ្តាច់ការ»។

លោកបានពណ៌នាលក្ខខណ្ឌក្នុងអំឡុងពេលឃុំខ្លួនដំបូងរបស់លោកថាជា «ឋាននរក» ។ប៉ុន្តែលោកបាននិយាយថា ការដោះលែងលោកនៅក្នុងការលើកលែងទោសចំពោះអ្នកទោសជិត ៦ ពាន់នាក់នោះហាក់ដូចជា «ឧបករណ៍ឃោសនា»។

Kubota ៖«ការពិតមនុស្សប្រហែល 12,000 នាក់នៅភូមាកំពុងជាប់គុកដោយគ្មានហេតុផល»៕ ដោយៈ វណ្ណ ស័ក្ដិ

ads banner