រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ពិភពលោកត្រូវរួមគ្នាជាធ្លុងមួយ ទើបទទួលជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ពិភពលោកទាំងមូលអាចទទួលជោគជ័យទាំងស្រុងលើការប្រយុទ្ធនឹងជំងឺកូវីដ១៩បាន លុះត្រាតែប្រទេសទាំងអស់ រួបរួមសហការ សាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងមេរោគនេះ ខណៈដែលប្រទេសកម្ពុជា ទទួលបានជោគជ័យលើសមរភូមិកូវីដ១៩ប៉ុណ្ណោះ។

លោកបានបន្តថា អង្គការសុខភាពពិភពលោក បាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយសុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សា បច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈសមធម៌ និងចីរភាព។

ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងដូចនេះនាវេទិកា ថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី- ហ្វិកខាងលិច ត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នាខេត្តសៀមរាប ដោយមានអ្នកចូលរួមមកពីប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច សរុបជាង២០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ៖ «កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ចសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏ត្រឹមត្រូវ របស់សម្តេចនាយករដ្ឋមន្ត្រី និងមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងមានការចូលរួមរបស់សង្គម ជាតិទាំងមូល»។

លោកបានបន្តថា៖ «ការរួមគ្នានេះ ធ្វើឱ្យប្រទេសកម្ពុជាបានទទួលជោគជ័យលើសមរភូមិគ្រប់គ្រងឆ្លើយតបនឹងជំងឺកូវីដ១៩និងធានាបានភាពធនប្រព័ន្ធសុខាភិបាលជាពិសេសការផ្តល់សេវាជាសារវ័ន្ដនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តពិភពលោកយើងអាចទទួលជោគជ័យទាំងស្រុង លើការប្រយុទ្ធនឹងជំងឺកូវីដ១៩ លុះត្រាតែប្រទេសទាំង អស់រួមសហការ សាមគ្គីគ្នាជាធ្លុងមួយ»។

លោករដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមថា លោកមានមោទនភាពដែលកម្ពុជា ជាប្រទេសគំរូ សម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបជៀសផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បាននិងកំពុងជួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩។

ក្រសួងបានបន្តថា ក្នុងអំឡុងនៃការរាតត្បាត អង្គការសុខភាពពិភពលោក បានផ្ដល់នូវការគាំទ្រ ទាំងការពង្រឹងសមត្ថភាពធនធាន មនុស្សការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ជាច្រើនដូចជា ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជា សកលនៃជំងឺកូវីដ១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះអាសន្ន និងការគំរាមកំហែង សន្តិសុខសុខភាព។ ការធានាសេវាសុខភាពជាសារវ័ន្ត អំឡុងពេលរាតត្បាតជំងឺជាសកល ដូចជា ការលុប បំបាត់ជំងឺគ្រុនចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបាន ដោយវ៉ាក់សាំង ជំងឺមិនឆ្លងនិងការលើកកម្ពស់សុខភាព ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការផ្ដោតឡើងវិញទៅលើការថែទាំសុខភាពបឋម។

នាឱកាសនោះដែរ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាន ធ្វើការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជោគជ័យ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។

លោកក៏បានថ្លែងអំណរគុណកម្ពុជាដែលបានអនុញ្ញាតទទួលធ្វើជាម្ចាស់ផ្ទះ វេទិកាលើកទី៤នេះ ដែលបានអាក់ខានតាំងពីឆ្នាំ២០២០។

ជាមួយគ្នានោះលោកអគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានគូសរំលេចនូវតួនាទីដ៏មានសារៈសំខាន់របស់មជ្ឈមណ្ឌលសហប្រតិបត្តិការទាំងចំនួន ៨០០ នៃប្រទេសជាសមាជិកចំនួនជាង៨០ ទូទាំងពិភពលោក និងប្រមាណ២០០ កន្លែងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕ ដោយ៖ ហោ សុវិទ្យា

ads banner